កាលពីថ្មីៗនេះ Opec+ បានប្រកាសថា នឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសនៅប្រទេសលោកខាងលិច ដោយរំពឹងថា ការកាត់បន្ថយសង្វាក់ផ្គត់ផ្គង់នឹងជួយឲ្យតម្លៃប្រេងមានការងើបឡើងវិញខ្លះ។

យ៉ាងណា ការសម្រេចចិត្តមួយនេះអាចធ្វើឲ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបាន បើសិនជាអង្គការអន្តររដ្ឋាភិបាល កាត់បន្ថយការនាំចេញប្រេង អំឡុងពេលតម្រូវការប្រជាជនកំពុងត្រូវការខ្លាំង។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ IEA។
“ជាមួយនឹងសេដ្ឋកិច្ចពិភពលោកដែលកំពុងមានសភាពមិនសូវជាល្អផង ហើយបើសិនជាតម្លៃប្រេងឡើងថ្លៃមួយកម្រិតទៀត នោះសេដ្ឋកិច្ចពិភពលោកច្បាស់ជាជួបវិបត្តិជាច្រើនជាមិនខាន”។ នេះបើតាមរបាយការណ៍ IEA បានចេញផ្សាយពីប្រេងប្រចាំខែ។

សូមជម្រាបដែរថា ការកាត់បន្ថយចំនួនផ្គត់ផ្គង់ប្រេងពី Opec+ ទៅកាន់ប្រទេសលោកខាងលិច អាចនឹងមានប្រហែល ១ លានបារ៉ែលក្នុងមួយថ្ងៃ មិនមែន ២ លានបារ៉ែលក្នុងមួយថ្ងៃដូចសេចក្ដីប្រកាសកាលពីកន្លងទៅឡើយ។ នេះបើតាមការបន្ថែមពី IEA៕