ជាទូទៅ គ្រឿងពេជ្រមួយឈុតៗ គឺមិនមែនមានតម្លៃធូរថ្លៃប៉ុន្មានឡើយ ហើយបើសិនជាពេជ្រទាំងនោះមានពណ៌ប្រណីត និងកម្រទៀត វាគឺរឹតតែមានតម្លៃកាន់តែថ្លៃ។
តួយ៉ាង កាលពីពេលកន្លងទៅពេជ្រមួយគ្រាប់ពណ៌ផ្កាឈូក ទំហំ ១១,១៥ ការ៉ាត់ ត្រូវបានគេដាក់ដេញថ្លៃក្នុងកម្មវិធីមួយនៅទីក្រុងហុងកុង ជាមួយនឹងការរំពឹងទុកថាលក់ចេញក្នុងតម្លៃជាង ២០ លានដុល្លារប៉ុណ្ណោះ ប៉ុន្តែវាបានលក់ក្នុងតម្លៃរហូតជិត ៦០ លានដុល្លារ។
បើតាមការចុះផ្សាយពី The Washington Post បានឲ្យដឹងថា ពេជ្រមួយគ្រាប់នេះ គឺត្រូវបានលក់ក្នុងតម្លៃ ៥៧,៧ លានដុល្លារ ក្នុងកម្មវិធីដេញថ្លៃវត្ថុកម្រ ហើយក៏ជាប់ជាពេជ្រដែលត្រូវបានលក់ចេញក្នុងតម្លៃថ្លៃបំផុតលើលោកផងដែរ ខណៈនេះគឺជាពេជ្រផ្កាឈូកលើកទី ២ ដែលបង្ហាញខ្លួនក្នុងកម្មវិធីដេញថ្លៃ។
សូមជម្រាបដែរថា បើតាមវិទ្យាស្ថានត្បូងពេជ្រអាមេរិក GIA បានឲ្យដឹងថា ពេជ្រធម្មជាតិដែលមានពណ៌គឺមានតិចបំផុត ពោលប្រមាណ ៣% ប៉ុណ្ណោះ ហើយក្នុងចំណោមនោះមានតែ ៥% ទេ ដែលមានពណ៌ផ្កាឈូក៕