ចិន សម្រុកលក់ផ្ទះបញ្ចុះតម្លៃ ដល់ពលរដ្ឋមានប្រាក់ចំណូលខ្ពស់ ដើម្បីកាត់បន្ថយភាពលើសតម្រូវការ

អន្តរជាតិ

ដោយបានមើលឃើញទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងធ្លាក់ចុះទៅក្នុងវិបត្តិ ដែលអូសបន្លាយអស់រយ:ពេលជាយូរមក រដ្ឋាភិបាលទីក្រុងតូចៗ និងមធ្យមមួយចំនួន កំពុងស្វែងរកលទ្ធភាព ធ្វើឱ្យតម្រូវការលំនៅដ្ឋាន មានការងើបឡើងវិញ ជាមួយនឹងការដាក់ចេញវិធានការបញ្ចុះតម្លៃ ក្នុងការទិញផ្ទះជាក្រុម សម្រាប់បុគ្គលិកធ្វើការតាមបណ្តាក្រុមហ៊ុន និងស្ថាប័នរដ្ឋ ដែលមានប្រាក់ខ្ពស់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែតរបស់ចិន The Paper ថ្មីៗនេះ បានរាយការណន៍ថា ទីក្រុងជាង ២០ រួចមកហើយ នៅទូទាំងប្រទេស និងតំបន់ស្វ័យតចំនួន ១២ ផ្សេងទៀត បានចាប់ផ្តើមលើកទឹកចិត្ត ឱ្យមានការទិញផ្ទះជាក្រុម ចាប់តាំងពីខែមិថុនាមក។ ហើយឥឡូវនេះ ទីក្រុងចំនួន១០ ផ្សេងទៀត ដែលភាគច្រើនជាមជ្ឈមណ្ឌលនៅក្នុងតំបន់ចាប់ពីតូច ដល់មធ្យម កំពុងធ្វើតាមសេចក្តីប្រកាសននេះដូចគ្នា នៅក្នុងខែកញ្ញា ឬខែបន្ទាប់ៗទៀត ។

នៅក្នុងផ្នែកខ្លះនៃទីក្រុង Shaoxing ក្នុងខេត្ត Zhejiang ឥឡូវនេះ បានផ្តល់ឱ្យអ្នកទិញផ្ទះ ទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ ៨% នៅពេលទិញផ្ទះចាប់ពី ១០ ឬច្រើនជាងនេះ ហើយអាចនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៨% នៅពេលទិញជាក្រុម ។

រដ្ឋាភិបាលក្នុងតំបន់សង្ឃឹមថា ការបញ្ចុះតម្លៃនេះនឹងលើកទឹកចិត្តដល់ការទិញផ្ទះ ក្នុងចំណោមប្រជាជនមានប្រាក់ខែខ្ពស់ ក៏ដូចជាអ្នកដែលធ្វើការឱ្យស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនរបស់រដ្ឋ ដែលមានអាចរកប្រាក់ចំណូលបានច្រើនជាង អ្នកធ្វើការនៅក្នុងវិស័យឯកជន។

គួរឱ្យដឹងថា ទីផ្សារ​លំនៅឋាន​របស់​ប្រទេស​ចិន​ បាន​ជួប​ប្រទះ​នឹង​ការ​កើន​នៃការផ្គត់ផ្គង់ច្រើនលើសតម្រូវការ ហើយផ្ទៃដីសរុបនៃខុនដូថ្មី ដែលមិនទាន់អាចលក់ចេញ គឺមានអត្រាខ្ពស់ជាង នៅចុងខែសីហា បើធៀបនឹងកាលបរិច្ឆេទដូចគ្នា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ។

យ៉ាងណាក៏ដោយ មានការរំពឹងទុកថា សម្ពាធនៃធ្លាក់ចុះលើតម្លៃលំនៅឋាន នឹងធូរស្រាលឡើងវិញ នៅពេលដែលការផ្គត់ផ្គង់លើសតម្រូវការធ្លាក់ចុះ ហើយនៅពេលនោះ វានឹងធ្វើឱ្យតម្រូវការលំនៅឋាន​ មានភាពប្រសើឡើងវិញ ហើយវាក៏អាចផ្តល់អត្ថប្រយោជន៍សម្រាប់រដ្ឋាភិបាលក្នុងតំបន់ ក្នុងការរកចំណូលបានច្រើនពីការលក់សិទ្ធិប្រើប្រាស់ដី ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យផងដែរ ៕