ឥណ្ឌូនេស៊ី ថាគម្រោងផ្លូវដែក ដែលផ្តល់កម្ចីដោយចិន នឹងបញ្ចប់ទៅតាមការគ្រោងទុក ទោះត្រូវចំណាយច្រើន​ក្តី

អន្តរជាតិ

យោងតាមរដ្ឋាភិបាលឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែវ៉ាត់ និងផ្លូវរបស់ប្រទេសចិន នៅតែបន្តធ្វើទៅតាមការគម្រោងទុក ហើយអាចនឹងដាក់ឱ្យដំណើរជាផ្លូវការនៅ ឆ្នាំ ២០២៣ បើទោះបីជាកន្លងមក មានការចរចាច្រើនរវាងប្រទេសទាំងពីរ ជុំវិញការចំណាយថវិកាច្រើនហួសកម្រិត សម្រាប់គម្រោងនេះក្តី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីឥណ្ឌូននេស៊ី លោក Joko Widodo បានបង្ហាញក្តីរំពឹងទុកថា គម្រោងផ្លូវដែក KCIC មួយខ្សែមានប្រវែង ១៤២ គីឡូម៉ែត្រ ដែលតភ្ជាប់ពីរដ្ឋធានីហ្សកាតា ទៅកាន់ទីក្រុង Bandung អាចនឹងត្រូវបើកដាក់ឱ្យដំណើរការ នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ ខណ:បច្ចុប្បន្ននេះ កំពុងសម្រេចការសាងសង់បាន ៨៨,៨% ហើយ​ ។

បើតាមអ្នកគ្រប់គ្រង KCIC បាននិយាយថា គម្រោងនេះ កំពុងប្រឈមនឹងការចំណាយលើសកម្រិត ប្រហែល ២ ពាន់លានដុល្លារ ដែលនាំឱ្យការចំណាយក្នុងការសាងសង់សរុប អាចកើនឡើងដល់ ១១៣ ទ្រីលានរូពី (៧,៣៦ ពាន់លានដុល្លារ) ខណ:កន្លងមកប្រទេសចិន បានប៉ាន់ប្រមាណថាគម្រោងនេះ អាចចាយលើសថវិកាកំណត់ តិចជាង ១ ពាន់លានដុល្លារប៉ុណ្ណោះ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រធាន KCIC លោក Dwiyana Slamet Riyadi បានបង្ហាញថាឥណ្ឌូនេស៊ី នឹងបន្តពិភាក្សាជាមួយប្រទេសចិន ជុំវិញបញ្ហានេះ ហើយលោកសង្ឃឹមថា ការចរចាអាចទាក់ទងនឹងការចំណាយលើស និងការផ្តល់មូលនិធិ អាចធ្វើទៅបានឆាប់រហ័ស ដើម្បីកុំឱ្យមានរំខានដល់វឌ្ឍនភាពក្នុងការសាងសង់ ។

ជម្រាបផងដែរថា ក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ីជាច្រើន រួមទាំង Wijaya Karya (WIKA.JK) និង PT KAI កាន់កាប់ ៦០% នៃគម្រោងផ្លូវដែក KCIC នេះ ខណៈក្រុម China Railway Engineering Corporation និងក្រុមហ៊ុនចិនផ្សេងទៀតគ្រប់គ្រងផ្នែកដែលនៅសល់។ ហើយសម្រាប់គម្រោងដ៏ធំមួយនេះដែរ ត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយកម្ចីពីធនាគារអភិវឌ្ឍចិន ៕