គិតមកទល់នេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ៨ ខែ ពោលចាប់តាំងពីចុងខែកុម្ភៈមក។

តាំងពីសង្គ្រាមបានផ្ទុះឡើងភ្លាមៗ អ៊ុយក្រែនទទួលបានកញ្ចប់ជំនួយសព្វគ្រប់បែបយ៉ាងពីប្រទេសផ្សេងៗទូទាំងសកលលោក ជាពិសេសពីសហភាពអឺរ៉ុប និងបណ្ដាប្រទេសលោកខាងលិច។

យោងតាមការស្រាវជ្រាវពី Kiel បានឲ្យដឹងថា រយៈពេល ៦ ខែតំបូងនៃការផ្ទុះសង្គ្រាមនេះ អ៊ុយក្រែនទទួលបានជំនួយផ្នែកហិរញ្ញវត្ថុប្រហែលជាង ៨០ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Nytimes។

ប្រភពដដែលបន្ថែមទៀតថា ក្នុងនោះសហភាពអឺរ៉ុបផ្ដល់ជំនួយហិរញ្ញវត្ថុច្រើនជាងគេ ១២,៣ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ១០,៣ ពាន់លានដុល្លារ អង់គ្លេស ២,១ ពាន់លានដុល្លារ កាណាដា ១,៨ ពាន់លានដុល្លារ និងអាល្លឺម៉ង់ ១,១៥ ពាន់លានដុល្លារ និងប្រទេសផ្សេងៗទៀត សរុបជារួម គឺមានប្រហែល ៨៣ ពាន់លានដុល្លារ៕