ថ្មីៗនេះ ស្ថាប័នមូលនិធិរូបិយប័ណ្ណអន្តរជាតិហៅកាត់ IMF បានប្រាប់ឲ្យ ធនាគារកណ្ដាលនៃបណ្ដាប្រទេសនៅតំបន់អាស៊ីទាំងអស់ ឲ្យប្រញាប់រឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណតាមប្រទេស។

យ៉ាងណា ករណីខាងលើគឺមិនត្រូវបានរាប់បញ្ចូលនូវមហាអំណាចសេដ្ឋកិច្ចប្រចាំអាស៊ីគឺ ចិន និងជប៉ុនឡើយ ដ្បិតបើទោះជាទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំង ២ ហាក់កើនឡើងយឺត ប៉ុន្តែអត្រាអតិផរណានៅទីនោះ គឺមិនមានការកើនឡើងឡើយ។

ដោយឡែក បើតាមសម្ដីរបស់លោក Krishna Srinivasan ប្រធាននាយកដ្ឋាន IMF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហើបថា តម្លៃរូបិយប័ណ្ណប្រទេសនៅអាស៊ីជាច្រើនបានធ្លាក់ចុះ នៅពេលសហរដ្ឋអាមេរិករឹតបន្តឹងខ្លាំង បណ្ដាលឲ្យអត្រាការប្រាក់ប្រចាំប្រទេសទាំងនោះមានគម្លាតគ្នាខ្លាំង។

បុរសខាងលើក៏បានបន្ថែមទៀតថា ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ និងការកើនឡើងនៃអត្រាការប្រាក់ក្នុងពេលតែមួយ អាចធ្វើឲ្យវិស័យហិរញ្ញវត្ថុនៅតំបន់អាស៊ីប្រឈមនឹងបំណុលវ័ណ្ឌកនៅថ្ងៃណាមួយ៕