តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក អ្វីដែលរុស្ស៊ីបានធ្វើមុនគេ គឺកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងរបស់អ៊ុយក្រែន ប៉ុន្តែសំណាងល្អ មហាសេដ្ឋីមានបំផុតលើលោកប្រកាសថា នឹងជួយផ្ដល់សេវាអ៊ីនធឺណិតដល់ប្រទេសអ៊ុយក្រែនដើម្បីស្រួលដល់ការទំនាក់ទំនង។
យ៉ាងណា អំណោយសប្បុរសធម៌របស់មេធំ SpaceX អាចនឹងបញ្ចប់ឆាប់ៗនេះ ដ្បិតការចំណាយលើការបង្ហោះផ្កាយរណប Starlink ជាង ២០ ០០០ គ្រាប់លើលំហអាកាស ដើម្បីផ្គត់ផ្គង់អ៊ីនធឺណិតដល់អ៊ុយក្រែន គឺត្រូវចំណាយចន្លោះពី ៨០ ទៅ ១០០ លានដុល្លារ បើសិនពន្យារពេលដល់ដាច់ឆ្នាំ។ នេះបើតាមអ្វីដែល Elon Musk បានបង្ហោះលើ Twitter។
ដូច្នេះហើយ ក្រុមហ៊ុន SpaceX បានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលអាមេរិក សុំឲ្យរដ្ឋាភិបាលទម្លាក់លុយរាប់សិបលានដុល្លារក្នុងមួយខែ ដើម្បីអាចឲ្យប្រជាជនអ៊ុយក្រែននៅមានប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់ ព្រោះបើសិនរដ្ឋាភិបាលមិនជួយទេ SpaceX នឹងផ្ដាច់អ៊ីនធឺណិតនៅអ៊ុយក្រែនជាមិនខាន។
ដោយឡែក CNN ក៏បានទម្លាយទៀតថា យោងតាមលិខិតដែល SpaceX បានផ្ញើទៅកាន់រដ្ឋាភិបាល គឺមានសេចក្ដីថាក្រុមហ៊ុនអស់លទ្ធភាពក្នុងការជួយដល់អ៊ុយក្រែន និងសុំឲ្យរដ្ឋាភិបាលចេញមុខជួយលើបញ្ហាមួយនេះ។
ប្រភពដដែលបន្ថែមទៀតថា ដើម្បីអាចផ្គត់ផ្គង់អ៊ីនធឺណិតដល់អ៊ុយក្រែនរហូតដល់ដាច់ឆ្នាំ SpaceX ត្រូវការប្រាក់ប្រហែល ១២០ លានដុល្លារ ហើយជាង ៤០០ លានដុល្លារទៀត សម្រាប់រយៈពេល ១២ ខែបន្ទាប់៕