រដ្ឋាភិបាលចិន គ្រោងជួយទិញផ្ទះពីក្រុមហ៊ុនអភិវឌ្ឍ ដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យឡើងវិញ

អន្តរជាតិ

យោងតាមកាសែតរដ្ឋចិនមួយ បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលក្នុងតំបន់របស់ចិន បានចាប់ផ្តើមដាក់ចេញផែនការទិញផ្ទះ ដើម្បីកាត់បន្ថយភាពលើសតម្រូវការ នៃលំនៅដ្ឋានដែលលក់មិនចេញ ខណ:នេះគឺជាវិធីសាស្រ្តថ្មីមួយ ដែលរដ្ឋាភិបាលបានដាក់ចេញ បន្ទាប់ពីវិស័យអចលទ្រព្យនៅក្នុងប្រទេសនេះ កំពុងធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងការធ្លាក់ចុះនៃតម្លៃ ក៏ដូចជាការលក់ និងការវិនិយោគ នៅក្នុងខែសីហាកន្លងទៅ ស្របពេលការរឹតបន្តឹង ទាក់ទងនឹងជំងឺកូវីដ ១៩ នៅតែបន្តអូសបន្លាយ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែបាត់បង់ជំនឿចិត្ត ទៅលើវិស័យនេះ ។

គួរឱ្យដឹងថា ពលរដ្ឋចាប់ផ្តើមមានភាពប្រុងប្រយ័ត្នចំពោះការទិញផ្ទះ បើទោះបីជាទីក្រុងជាង ២០០ បានចាត់វិធានការផ្សេងៗ ដើម្បីជំរុញតម្រូវការផ្ទះឡើងវិញ ជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភ ការបញ្ចុះតម្លៃផ្ទះ ចំពោះការទិញជាក្រុម រួមទាំងការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះក៏ដោយ ។

ហើយយ៉ាងណាមិញ យោងតាមសារព័ត៌មាន Securities Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ឥឡូវនេះ រដ្ឋាភិបាលទីក្រុង Suzhou ដែលស្ថិតនៅភាគខាងកើតប្រទេសចិន គ្រោងនឹងទិញផ្ទះប្រហែល ១០ ០០០ យូនីត នៅក្នុងសង្កាត់ចំនួន ១០ របស់ខ្លួន ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងផ្សេងទៀត នៅចិន ក៏បានធ្វើស្រដៀងគ្នានេះផងដែរ ដោយក្រុមហ៊ុនមួយ ដែលគ្រងគ្រងដោយរដ្ឋ Jinan គ្រោងនឹងទិញផ្ទះចំនួន ៣ ០០០ យូនីត ស្របពេលរដ្ឋាភិបាលទីក្រុង Handan ក៏គ្រោងនឹងទិញផ្ទះពីក្រុមហ៊ុនអភិវឌ្ឍ ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យឡើងវិញ ៕