យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញការពីថ្ងៃព្រហស្បតិ៍ថា តុលាការប្រេស៊ីល បានធ្វើការផាកពិន័យទៅលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple ជាទឹកប្រាក់ចំនួន ១៩ លានដុល្លារ សម្រាប់ការលក់ទូរស័ព្ទ iPhone ដោយគ្មានក្បាលឆ្នាំងសាក ។
តុលារដ្ឋ Sao Paulo បាននិយាយក្រុមហ៊ុន Apple ត្រូវតែផ្តល់ក្បាលឆ្នាំងសាក ភ្ជាប់មកនៅក្នុងប្រអប់ សម្រាប់ទូរស័ព្ទ iPhone ដែលពួកគេដាក់លក់នៅក្នុងប្រទេស បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីសំណាក់សមាគមអកខ្ចី អ្នកប្រើប្រាស់ និងអ្នកបង់ពន្ធប្រេស៊ីល (AMBCC) ។
គួរឱ្យដឹងថា ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនបានឈប់ផ្តល់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ សម្រាប់ហេតុផលមួយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។ ខណ:ក្រុមហ៊ុនអាមេរិកមួយនេះ បានបញ្ជាក់ថាអតិថិជនរបស់ខ្លួន នៅតែអាចទទួលបានក្បាលឆ្នាំងសាក ជាមួយក្រុមហ៊ុនបន្តដាក់លក់វា ដាច់ដោយឡែក ។
តែទោះជាយ៉ាងណាក៏ដោយ តុលាការប្រេស៊ីល បានបង្ហាញថាការលើកឡើងអំពីការការពារបរិស្ថានរបស់ក្រុមហ៊ុន Apple នេះ គឺជាហេតុផលមិនសមរម្យនោះឡើយ និងថែមទាំងបាននិយាយទៀតថា ក្រុមហ៊ុននេះ គឺបានរំលោភបំពានទៅលើសិទ្ធិអ្នកប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន ជាមួយនឹងការផ្តល់ទំនិញមិនពេញលេញដល់អតិថិជន ៕