គិតតាំងពីដើមឆ្នាំ ២០២២ មកទល់នឹងពេលនេះ មហាសេដ្ឋីកូរ៉េខាងត្បូងដែលរកស៊ីលើវិស័យភាគហ៊ុនមានការខាតបង់ជាខ្លាំង ពោលអ្នកជំនួញកំពូល ៥០ នៃវិស័យមួយនេះរបូតលុយជាង ៣០ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែនៃឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី Pulsenews។

ដោយឡែក អ្នកតាមដានទិន្នន័យហិរញ្ញវត្ថុ FnGuide ក៏បានទម្លាយដែរថា ទំហំទឹកប្រាក់របស់បុគ្គលកំពូលទាំង ៥០ នោះមាន ៧៥,៨១ ទ្រីលានវ៉ុន ឬ ៥៣ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ១២ តុលា ដែលមានតិចជាងទិន្នន័យកាលដើមឆ្នាំ ៤១,៨ ទ្រីលានវ៉ុន ឬ ៣៥%។

ក្នុងចំណោមនោះ អ្នកដែលខាតបង់ធ្ងន់ធ្ងរបំផុតគឺ Kim Beom-su ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Kakao ដែលរបូតលុយច្រើនជាងពាក់កណ្ដាល ពោលកាលដើមឆ្នាំមាន ៦,៨ ទ្រីលានវ៉ុន តែគិតត្រឹមពាក់កណ្ដាលខែតុលានេះមានតែ ២,៩៥ ទ្រីលានវ៉ុនប៉ុណ្ណោះ។

ខុសប្លែកពីក្រុមហ៊ុនផលិតហ្គេមដែលខាតបង់ស្ទើរគ្រប់គ្នា ប៉ុន្តែក្រុមហ៊ុនដែលរកស៊ីបែបប្រពៃណីពីដើមមកដូចជា Hyundai Motor Group, SK Group និង Samsung Electronics ជាដើម បែរជាមានសញ្ញាវិជ្ជមានល្អជាងក្រុមហ៊ុនថ្មីថ្មោងច្រើនសន្ធឹក៕