ថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃ Apple បានប្រកាសថា នឹងផ្អាកគម្រោងប្រើប្រាស់ឈីបក្រុមហ៊ុន Yangtze Memory Technologies ហៅកាត់ YMTC សម្រាប់ផលិតផលរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលអាមេរិករឹតបន្តឹងគោលនយោបាយនាំចូលទំនិញពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពី CNA។

ដោយឡែក Nikke ក៏បានបង្ហើបដែរថា Apple មានគម្រោងប្រើប្រាស់បន្ទះឈីបប្រភេទ NAND របស់ YMTC ឲ្យបានលឿនតាមដែលអាចធ្វើទៅបាននៅក្នុងឆ្នាំនេះ ហើយក៏គ្រោងនឹងបំពាក់វាសម្រាប់ទូរស័ព្ទ iPhone ដែលនឹងលក់ចេញលើទីផ្សារស្រុកចិនផងដែរ។

សូមជម្រាបថា Apple បានធ្វើការបញ្ជាទិញបន្ទះឈីបពី YMTC រហូតដល់ ៤០% នៃការផលិតទូរស័ព្ទ iPhone ទាំងអស់នៅឆ្នាំនេះ ប៉ុន្តែដោយសាររាជរដ្ឋាភិបាលចេញគោលនយោបាយថ្មីបែបនេះ Apple អាចនឹងមានការយឺតយ៉ាវចំពោះសង្វាក់ផលិតកម្ម។

មូលហេតុដែលអាមេរិកចាប់ផ្ដើមរឹតបន្តឹងការនាំចូលទំនិញពីចិន គឺដើម្បីបង្អាក់ការពង្រីកខ្លួនលើវិស័យបច្ចេកវិទ្យាចិន សម្រាប់ទីផ្សារសកល ដ្បិតកន្លងមកអាមេរិកធ្លាប់ប្រកាសថា នឹងចាក់លុយរាប់សិបពាន់លានដុល្លារ ដើម្បីជំរុញប្រជែងជាមួយចិនផ្នែកបច្ចេកវិទ្យាផង៕