កាលពីថ្ងៃទី ១៧ តុលាកន្លងទៅ ក្រុមហ៊ុន Amazon Web Services ហៅកាត់ AWS ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Amazon បានទម្លាយថា ពួកគេនឹងវិនិយោគ ៥ ពាន់លានដុល្លារក្នុងរយៈពេល ១៥ ឆ្នាំខាងមុខនៅក្នុងប្រទេសថៃ ដើម្បីពង្រឹងផ្នែកផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត។

កញ្ចប់ថវិកានេះនឹងរាប់បញ្ចូលទាំងថ្លៃ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ក៏ដូចជាត្រូវប្រើប្រាស់ក្នុងការទិញទំនិញ ឬសេវាកម្មនៅក្នុងប្រទេសថៃផងដែរ។ នេះបើតាមការចុះផ្សាយពី CNA។
AWS គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាជាច្រើន ជាពិសេសលើការផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត (Cloud Infrastructure) ហើយកាលពីខែមុនពួកគេក៏បានសម្ពោធមជ្ឈមណ្ឌលផ្ទុកទិន្នន័យតាមរបៀបនេះនៅ UAE ខណៈគោលដៅបន្ទាប់គឺនៅប្រទេសម៉ិកស៊ិក។

សូមជម្រាបដែរថា កាលពីឆ្នាំ ២០២០ AWS បានបើកដំណើរការទីតាំង Amazon CloudFront edge ចំនួន ១០ នៅក្នុងទីក្រុងបាងកក ដើម្បីជួយបញ្ជូនទិន្នន័យ វីដេអូ និងកម្មវិធីក្នុងល្បឿនលឿនជាងមុនដល់អ្នកប្រើប្រាស់ចុងក្រោយ៕