មួយរយៈកាលចុងក្រោយនេះ មហាសេដ្ឋីភាគច្រើនហាក់ពេញចិត្តជាមួយនឹងស្ថានភាពទីផ្សារសេដ្ឋកិច្ចនៅតំបន់អាស៊ីជាខ្លាំង ដោយក្រុមមហាសេដ្ឋីរាប់សិបនាក់បានងាកមកចាប់ទីតាំងការិយាល័យនៅតាមបណ្ដាប្រទេសនៅអាស៊ី។
តួយ៉ាង មហាសេដ្ឋីហុងកុង និងឥណ្ឌាបានកំណត់យកប្រទេសមួយក្នុងចំណោមកូនខ្លាសេដ្ឋកិច្ចអាស៊ីគឺ សិង្ហបុរី ក្នុងការកសាងការិយាល័យបែបគ្រួសារនៅទីនោះ ស្របពេលកំណើនមហាសេដ្ឋីនៅទ្វីបអាស៊ី ក៏កំពុងបង្ហាញសញ្ញាវិជ្ជមានខ្លាំងផងដែរ។
យោងតាមការចុះផ្សាយពី Thestandard បានព្យាករថា ក្នុងរយៈពេលមួយទសវត្សខាងមុខ មហាសេដ្ឋីអាចនឹងងាកទៅរកទីផ្សារនៅប្រទេសវៀតណាម ដោយសារការងើបឡើងខ្លាំងនូវមជ្ឈមណ្ឌលផលិតកម្មនៅទីនោះប្រមាណ ៩៥% ហើយវិស័យដែលគេរំពឹងនឹងទទួលការវិនិយោគច្រើនបំផុតគឺ វិស័យអចលនទ្រព្យ បច្ចេកវិទ្យា និងការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុ។
ទន្ទឹមនឹងនោះ ការិយាល័យបែបគ្រួសារមហាសេដ្ឋីកើនឡើងពី ៤ ២០០ នៅឆ្នាំ ២០១២ ដល់ ១០ ០០០ កន្លែងនៅឆ្នាំនេះទូទាំងពិភពលោក ហើយនៅអាស៊ីវិញមានការកើនឡើងដល់ទៅ ១២ ដង ពី ១០០ កន្លែងនៅឆ្នាំ ២០១២ រហូតដល់ ១ ២០០ កន្លែងនៅឆ្នាំនេះ៕