សេដ្ឋកិច្ចប្រទេសថៃអាចកើនពី ៣ ដល់ ៣,៥% នៅក្នុងឆ្នាំនេះ ដោយសារហាងឆេងលុយបាតល្អ ជាហេតុធ្វើឲ្យការនាំចេញមានភាពប្រសើរឡើង ស្របពេលកំណើននៃភ្ញៀវទេសចរណ៍អន្តរជាតិក៏កំពុងមានសន្ទុះខ្លាំងផងដែរ។ នេះបើតាមសម្ដីរបស់លោក Arkhom Termpittayapaisith មន្ត្រីហិរញ្ញវត្ថុប្រទេសថៃ។

ឆ្លើយតបអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Reuters មន្ត្រីរូបនេះបង្ហើបថា ការនាំចេញរបស់ថៃ និងវិស័យទេសចរណ៍អាចកើនដល់ ៨% នៅឆ្នាំនេះ ខណៈទំហំសេដ្ឋកិច្ចឆ្នាំក្រោយអាចកើនដល់ ៣,៧%។
មូលហេតុចំបងមួយដែលធ្វើឲ្យសេដ្ឋកិច្ចថៃមានការលូតលាស់ល្អ គឺហាងឆេងលុយបាត/ដុល្លារ ផ្ដល់សញ្ញាវិជ្ជមាន ដែលធ្វើឲ្យការនាំចេញរបស់ថៃមានកំណើនខ្ពស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

សូមជម្រាបដែរថា ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍ មានបំណងចង់ស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បន្ទាប់ពីទទួលរងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ កន្លងមក៕