កងទាហានរបស់រុស្ស៊ី បានខូចខាតរថក្រោះ ១០ គ្រឿងជារៀងរាល់ថ្ងៃ ដោយសារការវាយបករបស់អ៊ុយក្រែននៅភាគខាងកើត និងខាងត្បូងកាលពី ៦ សប្ដាហ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយពី Forbes។

បើទោះជាទទួលការខូចខាតខ្លាំងជាងអ៊ុយក្រែនក្ដី ប៉ុន្តែកងកម្លាំងរបស់រុស្ស៊ីនៅតែមានឥទ្ធិពលច្រើនជាងកងទាហានអ៊ុយក្រែន ដ្បិតទាហានរបស់រុស្ស៊ីមានច្រើនជាងអ៊ុយក្រែនរាប់សិបដងឯណោះ។
គិតត្រឹមថ្ងៃទី ១៩ តុលា របាយការណ៍របស់កងកម្លាំងរុស្ស៊ីបង្ហាញថា រថក្រោះរុស្ស៊ី ១៣៩២ ត្រូវបានខូចខាត ហើយ ៨០១ គ្រឿងត្រូវបានបំផ្លាញដោយសារការវាយបកពីអ៊ុយក្រែន ខណៈកងកម្លាំងអ៊ុយក្រែនវិញ ខូចខាតរថក្រោះតែ ៣២០ ប៉ុណ្ណោះ ហើយមានតែ ១៧៦ ដែលបានបំផ្លាញដោយទាហានរុស្ស៊ី។

សូមជម្រាបដែរថា កន្លងមករដ្ឋាភិបាលរុស្ស៊ីធ្លាប់ទម្លាយថា ពួកគេត្រូវចាយលុយប្រមាណ ១ ពាន់លានដុល្លារជារៀងរាល់ថ្ងៃក្នុងការធ្វើសង្គ្រាមមួយនេះ ខណៈអ៊ុយក្រែនវិញគឺកំពុងអំពាវនាវសុំជំនួយបានច្រើនសន្ធឹកពីមហាអំណាចលោកខាងលិច និងតំបន់អឺរ៉ុប៕