កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ គយស្វីសបានបង្ហាញទិន្នន័យពីការនាំចេញមាសរបស់ខ្លួន ដោយមានការកើនឡើងខ្ពស់ ជាពិសេសចំពោះទីផ្សារអាស៊ីតែម្ដង។ នេះបើតាមការចុះផ្សាយពី Reuters។

ការកើនឡើងនៃការនាំចេញមាសពីប្រទេសចម្រាញ់មាសធំបំផុតលើលោក កើតមានចំពេលតម្លៃមាសធ្លាក់ចុះពីជាង ២ ០០០ ដុល្លារក្នុងមួយអោន (១ អោន ប្រហែល ២៨ ក្រាម) កាលពីខែមីនា មកសល់ត្រឹមប្រមាណ ១ ៦៥០ ដុល្លារ/អោន។
ហេតុនេះហើយ ទើបទីផ្សារនៅអាស៊ីដូចជា ចិន ឥណ្ឌា និងតួកគីជាដើម សម្រុកនាំចូលមាសរាប់ម៉ឺនគីឡូ ខណៈទីផ្សារធំនៃការនាំចូលមាសពីស្វីសមានដូចជា ចិន ហុងកុង ឥណ្ឌា និងតួកគី។

សូមជម្រាបដែរថា ស្ថិតិនាំចេញមាសរបស់ស្វីសកាលពីខែកញ្ញា ២០២២ មានរហូតដល់ ១៧៤ ១៨៥ គីឡូ កើនពីខែសីហា ១២១ ៧៩៤ គីឡូ ខណៈនាំចេញទៅទីផ្សារចិនបាន ៤៤ ០២០ គីឡូ ហុងកុង ៦២០ គីឡូ ឥណ្ឌា ៣៤ ៦០០ គីឡូ និងតួកគី ៣២ ២២៦ គីឡូ និងទៅប្រទេសផ្សេងៗទៀត៕