វៀតណាម និងកូរ៉េខាងត្បូង រំពឹងថាពាណិជ្ជកម្មទេ្វភាគី អាចនឹងកើនដល់ ១០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានស្នើឱ្យប្រទេសវៀតណាម និងកូរ៉េខាងត្បូង ត្រូវខិតខំបន្ថែមទៀត ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឡើងដល់ ១០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ក្នុងអំឡុងជួបពិភាក្សាជាមួយភាគីកូរ៉េខាងត្បូង ដែលតំណាងដោយលោក Park Jin កាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងផងដែរថា លោក Park Jin កំពុងបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសវៀតណាម ក្នុងឱកាសប្រារព្ធខួបលើកទី ៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

ក្នុងជំនួបដ៏សំខាន់នេះផងដែរ ភាគីប្រទេសទាំងពីរ បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងយកចិត្តទុកដាក់បន្ថែមទៀត លើការបង្កើនកិច្ចសហប្រតិបត្តិការចំពោះវិស័យការទូត ការពារជាតិ និងសន្តិសុខ ព្រមទាំងលើកកំពស់យន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការផងដែរ ។

មិនតែប៉ុណ្ណោះ លោក Son បានស្នើឱ្យប្រទេសទាំងពីរ បន្តខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ តាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង (VKFTA) និងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ សម្រាប់ភាពជាដៃគូ (RCEP); និងបង្កើនការនាំចេញផលិតផលវៀតណាម ទៅកាន់កូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វៀតណាម និង ជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស។ ហើយការនាំចូលសំខាន់ៗពីកូរ៉េខាងត្បូងមកវៀតណាម មានដូចជាគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន លោហធាតុ ប្លាស្ទិក ក្រណាត់ និងឥន្ធនៈជាដើម ៕