Breaking News: លោកស្រី Liz Truss ប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយកាន់តំណែងបាន ៤៥ ​ថ្ងៃ

អន្តរជាតិ

នៅថ្ងៃទី ២០ តុលា​នេះ លោកស្រី Liz Truss ដែលទើបនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃទី ០៦ ​កញ្ញា​កន្លងទៅ បាន​ធ្វើការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ​ គឺ​លាលែងពីតំណែងកំពូល​មួយនេះ។ នេះបើតាម​ការ​ចុះផ្សាយពី​ Sky News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបាន​បន្ថែមថា ការលាលែងតំណែងមួយនេះ នឹងធ្វើឲ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស កាន់តំណែងបានខ្លីបំផុតប្រចាំប្រវត្តិសាស្ត្រ។

ហើយការលាលែងតំណែងរបស់លោកស្រី ធ្វើឡើងបន្ទាប់ពី​អង់គ្លេស​ធ្វើកំណែទម្រង់សេដ្ឋកិច្ច​នយោបាយថ្មី ក្នុងគោលបំណង​កែប្រែ​ស្ថានការណ៍​សេដ្ឋកិច្ច​ដែល​អង់គ្លេស​កំពុង​ជួបប្រទះ ប៉ុន្តែ​វា​បែរជា​មិនទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ឡើយ។

ទន្ទឹម​នឹងនោះ លោក Sir Keir Starmer មេដឹកនាំបក្សប្រឆាំង ស្នើសុំឲ្យ​មាន​ការ​បោះឆ្នោត​មុន​កាលកំណត់ ស្របពេលលោក Sir Graham Brady ប្រធានគណៈកម្មាធិការនៃឆ្នាំ 1922 បានប្រកាស​ថា ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី រំពឹងបញ្ចប់នៅថ្ងៃទី ២៨ តុលា ហើយនាយករដ្ឋមន្ត្រីថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី ៣១ តុលា៕