វាជារឿងធម្មតា ដែលបុគ្គលម្នាក់មិនអាចបំពេញបំណងរបស់មនុស្សគ្រប់គ្នាបានឡើយ ហើយមហាសេដ្ឋីក៏ដូចគ្នាដែរ មិនថាពួកគេមានទ្រព្យធនច្រើនបែបណា ក៏ពួកគេនៅតែទទួលបានការស្រលាញ់ និងស្អប់ក្នុងពេលតែមួយដូចគ្នា។

តួយ៉ាង កាលពីពេលថ្មីៗនេះ BusinessFinancing បានធ្វើការសម្រង់មតិតាមរយៈបច្ចេកវិទ្យា AI ដើម្បីចង់ដឹងពីមហាសេដ្ឋីដែលទទួលបានការគោរពស្រលាញ់ច្រើនបំផុត និងមហាសេដ្ឋីទទួលបានការស្អប់ខ្លាំងបំផុតលើលោក។

ជាលទ្ធផល អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានចាត់ទុកជាមហាសេដ្ឋីដែលប្រជាជនមិនពេញចិត្តច្រើនបំផុត ដល់ទៅ ៨៤ ប្រទេស ខណៈស្ថាបនិក Microsoft មហាសេដ្ឋី Bill Gates គឺជាមហាសេដ្ឋីទទួលបានការគោរពស្រលាញ់ច្រើនបំផុត ពីប្រទេសចំនួន ៣៧។

ប៉ុន្តែ មេធំ Microsoft ក៏ទទួលបានការមិនពេញចិត្តខ្លាំងពីប្រទេសមួយចំនួនដូចជា គុយបា អាល់ហ្សេរី និងលីប៊ីជាដើម។

ដោយឡែក មហាសេដ្ឋីមានបំផុតលើលោក Elon Musk វិញ គឺជាប់ជាមហាសេដ្ឋីទទួលបានការពេញចិត្តខ្លាំងបំផុតពីប្រជាជនអាមេរិក ពោលមានការសរសើរលោកច្រើនបំផុតនៅលើ Twitter ក្នុងរដ្ឋចំនួន ១២ នៅសហរដ្ឋអាមេរិក៕