ឥណ្ឌូនេស៊ី នឹងផ្តល់ការលើកទឹកចិត្តដ៏ច្រើនសម្បើម សម្រាប់ក្រុមហ៊ុនមានបំណងមកវិនិយោគនៅរដ្ឋធានីថ្មី

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូនេស៊ី ថ្មីៗនេះ បានបញ្ជាក់ថា ខ្លួននឹងមានការលើកទឹកចិត្តដ៏ច្រើន សម្រាប់ក្រុមហ៊ុន ដែលមានបំណងមកធ្វើការវិនិយោគ នៅក្នុងគម្រោងបង្កើតរដ្ឋធានីថ្មី ឈ្មោះ Nusantara ដែលមានតម្លៃ ៣២ ពាន់លានដុល្លារដុល្លាររបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងប្រាប់ទៅកាន់សារព័ត៌មាន អំឡុងព្រឹត្តិការណ៍មួយ ប្រធានអាជ្ញាធររដ្ឋធានីជាតិ Nusantara លោក Bambang Susantono បានមានប្រសាសន៍ថា ” យើងនឹងផ្តល់ការលើកទឹកចិត្តជាច្រើន ទៅលើផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ រួមទាំងការកាត់បន្ថយពន្ធរយ:ពេល ៣០ ឆ្នាំ សម្រាប់ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណ: ដែលមានតម្លៃជាង ១០ ពាន់លានរូពី (៦៤៥ ០០០ ដុល្លារ) ។

បន្ថែមពីនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏នឹងមានការលើកលែងពន្ធរយ:ពេល ២០ ឆ្នាំ សម្រាប់ក្រុមហ៊ុន ដែលមានបំណងវិនិយោគ នៅក្នុងផ្សារទំនើប កន្លែងទេសចរណ៍ និងរោងចក្រ រួមទាំងកាត់បន្ថយពន្ធប្រមាណ ៣៥០% សម្រាប់ការវិនិយោគលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍ នៅរដ្ឋធានី Nusantara ផងដែរ ។

គួរឱ្យដឹងផងដែរថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយ រដ្ឋធានីថ្មីនេះ នឹងត្រូវបានសាងសង់ឡើង ទៅជាទីក្រុងឆ្លាតវៃ ដោយផ្អែកទៅលើព្រៃឈើ និងធនធានធម្មជាតិ ជាមួយនឹងតំបន់បៃតងមាន ៧០% នៃផ្ទៃដីសរុបនៃរដ្ឋធានីនេះ ។

ជម្រាបផងដែរថា Nusantara នឹងត្រូវបានសាងសង់ នៅក្នុងស្រុកចំនួនពីរនៅខេត្ត Kalimantan ខាងកើត លើផ្ទៃដីប្រហែល ២៥៦ ០០០ហិចតា។ ដំណាក់កាលចុងក្រោយ នៃការសាងសង់របស់ទីក្រុង Nusantara ត្រូវបានកំណត់ថានឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០៤៥ ដែលនឹងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសដ៏ជឿនលឿនបំផុតមួយ ៕