រដ្ឋបាលប្រធានាធិបតី លោក Joe Biden បាននិយាយកាលពីថ្មីៗនេះថា ខ្លួននឹងផ្តល់មូលនិធិជាទឹកប្រាក់ប្រមាណ ២,៨ ពាន់លានដុល្លារ ដើម្បីជំរុញដល់ការផលិតអាគុយ សម្រាប់បំពាក់លើរថយន្តអគ្គិសនី និងការផលិតរ៉ែ នៅក្នុងស្រុក ។
តាមរយ:ការផ្តល់មូលនិធិដ៏ច្រើនសម្បើមនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិត និងកែច្នៃនៅក្នុងរដ្ឋយ៉ាងហោចណាស់ ១២ អាចដំណើរការរោងចក្រផលិតសារធាតុលីចូម នីកែល កាតូត ក្រាហ្វីត រ៉ែ គ្រឿងបង្គុំអាគុយនានា និងរួមទាំងរោងចក្រកែច្នៃអាគុយឡើងវិញផងដែរ ។
ការប្រកាសនេះ គឺជាផ្នែកមួយ នៃការគោលដៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរប្រទេសខ្លួន ឱ្យងាកចេញឆ្ងាយពីការប្រើប្រាស់រថយន្តដើរដោយប្រេងឥន្ធន: ទៅជារថយន្តអគ្គិសនីពេញលេញវិញ ។
មិនតែប៉ុណ្ណោះ រដ្ឋលេខាធិការថាមពល លោកស្រី Jennifer Granholm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផលិតអាគុយ និងសមាសធាតុទំនើបៗនៅក្នុងប្រទេសយើង នឹងជំរុញដល់ការងាកចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីល ហើយអាចបំពេញតម្រូវការដ៏សំខាន់សម្រាប់រថយន្តអគ្គិសនីវិញ និងថែមទាំងអាចបង្កើតការងារ ដែលមានប្រាក់ខែខ្ពស់ កាន់តែច្រើន នៅទូទាំងប្រទេស” ។
កាលពីដើមឆ្នាំនេះ លោក Biden បានបង្កើតច្បាប់ផលិតកម្មការពារមួយ ដើម្បីជំរុញដល់ការផលិតរ៉ែ របស់សហរដ្ឋអាមេរិក សម្រាប់បំពេញតម្រូវការដល់ការផលិតអាគុយបំពាក់លើរថយន្តអគ្គិសនី និងចង់កាត់បន្ថយការពឹងផ្អែកខ្លាំងរបស់ប្រទេសខ្លួន ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ពីបរទេស ។
លើសពីនេះ សេតវិមាន បានកំណត់គោលដៅ ឱ្យងាកមកប្រើប្រាស់តែរថយន្តអគ្គិសនី ៥០% នៅត្រឹមឆ្នាំ ២០៣០ ស្របពេលរដ្ឋបាលលោក Biden ក៏បានដាក់ចេញនូវផែនការបែងចែកទឹកប្រាក់ ៥ ពាន់លានដុល្លារ ដល់រដ្ឋនានា ដើម្បីសាងសង់កន្លែងសាករថយន្តអគ្គិសនីផងដែរ ៕