ទីផ្សារហ៊ុនអចលនទ្រព្យចិន មានការងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ធូរបន្ថយថ្មី

អន្តរជាតិ

តម្លៃភាគហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន បានកើនឡើង កាលពីថ្ងៃសុក្រ ទី ២១ ខែតុលាកន្លងទៅ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថាអាជ្ញាធរនឹងបន្ធូរបន្ថយច្បាប់ផ្តល់ហិរញ្ញប្បទាន សម្រាប់ក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងអចលនទ្រព្យមួយចំនួន ខណ:នេះជាវិធានការចុងក្រោយមួយ ដើម្បីជួយជំរុញដល់វិស័យនេះឡើងវិញ ដែលកំពុងធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន China Securities Journal បានរាយការណ៍ថា គណ:កម្មការនិយតកម្មមូលបត្រចិន (CSRC) នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអចលនទ្រព្យតូចៗមួយចំនួន អាចធ្វើការប្រមូលប្រាក់ ពីការលក់ភាគហ៊ុន នៅទីផ្សារហ៊ុន A-share របស់ពួកគេបាន ប៉ុន្តែប្រាក់ចំណូលដែលបានពីការលក់នេះ គឺមិនអាចយកទៅវិនិយោគបន្ត នៅក្នុងអាជីវកម្មអចលនទ្រព្យបាននោះឡើយ ។

គួរឱ្យដឹងផងដែរថា កន្លងមកប្រទេសចិន បានធ្វើការរារាំងក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួន ឬក្រុមហ៊ុនដែលជាប់ទាក់ទងនឹងអចលនទ្រព្យ ពីការផ្តល់ហិរញ្ញប្បទាន តាមរយ:ទីផ្សារហ៊ុន A-share រួមទាំងការលក់ IPO និងការលក់ភាគហ៊ុន ចាប់តាំងពីឆ្នាំ ២០១៨ មកម្លេះ ។

យ៉ាងណាក៏ដោយ បន្ទាប់ពីរដ្ឋាភិបាល បានធ្វើការដាក់ចេញវិធានការបន្ធូរបន្ថយចុងក្រោយ ក្រុមហ៊ុនមួយចំនួន ដែលមានអាជីវកម្មទាក់ទងនឹងអចលនទ្រព្យ រួមមាន Zhongtian Financial Group Co Ltd, Jinan high-tech development co. ltd និង Shenzhen New Nanshan Holding Group Co Ltd បានឃើញភាគហ៊ុនរបស់ពួកគេ កើនឡើងលើសពី ៥ ភាគរយ ក្នុងការជួញដូរចុងក្រោយ ។

លើសពីនេះ បើតាមអ្នកវិភាគ បាននិយាយថា ការផ្លាស់ប្តូរនេះ អាចជួយក្រុមហ៊ុន ដែលជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន តាមរយៈបណ្តាញផ្សេងទៀត និងអនុញ្ញាតឱ្យពួកគេវិនិយោគលើផ្នែកផ្សេងនៃសេដ្ឋកិច្ចផងដែរ ។

ទន្ទឹមនឹងនេះ លោក Liu Shui អ្នកវិភាគប្រចាំនៅ China Index Academy បាននិយាយថា “ការផ្លាស់ប្តូរនេះមានគោលបំណងគាំទ្រឱ្យកាន់តែប្រសើរឡើង នូវការផ្តល់ហិរញ្ញប្បទានពិតប្រាកដ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ និងធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ” ។

ជម្រាបផងដែរថា វិស័យអចលនទ្រព្យពិតជាមានសារៈសំខាន់ចំពោះស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារតែអចលនទ្រព្យ មានចំនួនប្រហែល ៤០% ភាគរយនៃទ្រព្យសម្បត្តិគ្រួសារចិន និងមានប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដែលវាត្រូវបានគេចាត់ទុកថាជាវិស័យធំបំផុត ក្នុងចំណោមវិស័យទាំងអស់៕