លោក លី ខឺជាំង ជាអ្នកនយោបាយចិនដ៏មានឥទ្ធិពលមួយរូប ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីចិន ចំនួន ២អាណត្តិមកហើយ គឺលើកទី១ ចាប់ពីឆ្នាំ២០១៣-២០១៨ ទី២ ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។
មានវ័យ ៦៧ឆ្នាំ លោក លី ខឺជាំង ជាមនុស្សមានឥទ្ធិពលបំផុតមួយដែល នឹងត្រូវលាលែងពីតំណែងនាយករដ្ឋមន្រ្តីចិន នៅខែមីនា ឆ្នាំ២០២៣ ជាតំណែងខ្ពស់បំផុតលំដាប់ទី២ បន្ទាប់ពីប្រធានាធិបតី ស៊ី ជិនពីង។ តាមការគ្រោងទុក លោក លី ជាំង មានអាយុ ៦៣ឆ្នាំ ជាលេខាធិការបក្សកម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ ត្រូវបានគេរំពឹងខ្ពស់ថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក លី ខឺជាំង។
- តើលោក លី ខឺជាំង មានប្រវត្តិការងារយ៉ាងណាខ្លះ?
លោក លី បញ្ចប់ថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជា ជំនាញសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩៥។ ក្នុងឆ្នាំ១៩៨២ លោកបានក្លាយជាលេខាធិការនៃសម្ព័ន្ធយុវជនកុម្មុយនីស្ត (CYL) របស់សាកលវិទ្យាល័យប៉េកាំង និងជាអ្នកដឹកនាំជាន់ខ្ពស់នៃអង្គការចាត់តាំងជាតិរបស់សម្ព័ន្ធយុវជនកុម្មុយនីស្ត ក្នុងឆ្នាំ១៩៨៣។ ក្នុងនាមជាសមាជិកលេខាធិការដ្ឋាន លោកធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ហ៊ូ ជីនតាវ អតីតអគ្គលេខាធិការរបស់គណបក្សកុម្មុយនីស្តចិន និងជាអតីតប្រធានាធិបតីចិនដែលជាមនុស្សមានឥទ្ធិពលមួយរូប។ លោក លី ខឺជាំង បានក្លាយជាលេខាធិការលំដាប់ទីមួយរបស់អង្គការចាត់តាំងជាតិក្នុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨។
នៅក្នុងឆ្នាំ១៩៩៨ លោក លី បានក្លាយជាអភិបាលខេត្ត ហឺណាន ដែលមានវ័យក្មេងបំផុត គឺអាយុ ៤៣ឆ្នាំប៉ុណ្ណោះ។ ក្រោយមកលោកត្រូវបានផ្ទេរឲ្យទៅធ្វើជាលេខាធិការគណបក្សនៅខេត្តលាំងនីង ក្នុងឆ្នាំ២០០៤ ដោយទទួលតំណែងជាមន្ត្រីនយោបាយថ្នាក់ខ្ពស់ប្រចាំខេត្តនេះ។
ក្នុងឆ្នាំ២០០៧ លោក លី ខឺជាំង ក្លាយជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំការិយាល័យនយោបាយរបស់គណបក្សកុម្មុយនីស្តចិន(CCP) ក្នុងសមាជគណបក្សលើកទី១៧ ហើយថែមទាំងទទួលតំណែងប្រធានគណបក្សប្រចាំខេត្តលាំងផងដែរ។
- ព្រឹត្តិការណ៍ដែលអាចធ្វើឲ្យលោក លី ខឺជាំង បាត់ឱកាសក្លាយជាប្រធានាធិបតីចិន
លោក លី ខឺជាំង ជាឥស្សរជនម្នាក់ដែលនឹងអាចក្លាយជាប្រធានាធិបតី ប៉ុន្តែស្របពេលជាមួយគ្នានោះ លោក ស៊ី ជីនពីង ដែលទើបបញ្ចប់តំណែងពីប្រធានគណបក្សប្រចាំក្រុងសៀងហៃ ក៏បានមកកាន់រដ្ឋធានីប៉េកាំង ដើម្បីប្រជែងយកតំណែងអគ្គលេខាធិការគណបក្សផងដែរ។ ដូចលោក លី ខឺជាំង ដែរ លោក ស៊ី ជីនពីង ត្រូវបានតែងតាំងជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សកុម្មុនីស្តចិន ក្នុងសមាជបក្សលើកទី១៧ ប៉ុន្តែលោកលី ខឺជាំង មានឋានៈខ្ពស់ជាងលោក ស៊ី ដែលជាការចង្អុលបង្ហាញថាលោកនឹងអាចស្នងតំណាងអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជំនួសលោក ហ៊ូ ជីនតាវ បាន។
យ៉ាងណានៅទីបំផុត តំណែងខ្ពស់បំផុតរបស់គណបក្សកុម្មុយនីស្តចិន ត្រូវធ្លាក់លើដៃលោក ស៊ី ជីនពីង នៅក្នុងសមាជាតិប្រជាជនចិន (NPC) លើកទី១១ ក្នុងឆ្នាំ២០០៨ ខណៈតំណែងលោកមួយទៀតនៅពេលនោះ ជាអនុប្រធានាធិបតីក្នុងរដ្ឋបាលរបស់លោក ហ៊ូ ជីនតាវ។ ការណ៍នេះ អាចជាហេតុផលនាំឲ្យលោក ស៊ី ជីនពីង ក្លាយជាប្រធានាធិបតីចិន។ ចំណែកឯលោក លី ត្រូវបានបោះឆ្នោតឲ្យធ្វើជាឧបនាយករដ្ឋមន្ត្រី មុនក្លាយជានាយករដ្ឋមន្ត្រីចិនលើកទី១ នៅឆ្នាំ២០១៣ និងលើកទី២ នៅឆ្នាំ២០១៨ ហើយនឹងផុតអាណត្តិនៅខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ ដូចនេះតទៅមុខទៀត លោក លី ខឺជាំង ទំនងបាត់ឱកាសកាន់ដំណែងប្រធានាធិបតីចិន។
- សមាជគណបក្សលើកទី២០ ឆ្នាំ២០២២
ប្រធានាធិបតីចិន ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ គណបក្សកុម្មុយនិស្ដចិន សម្រាប់អាណត្តិទី៣ នៅថ្ងៃអាទិត្យ ទី២៣ ខែតុលានេះ បន្ទាប់ពីបិទបញ្ចប់សមាជបក្សលើកទី២០ របស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ការដែលលោក ស៊ី តែងតាំងជាអគ្គលេខាធិការគណបក្សនេះ ជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត។
សម្រាប់សម្រាប់ដំណែងនាយករដ្ឋមន្ត្រីចិនទៀតសោត លោក លី ខឺជាំង ក៏ត្រូវនឹងត្រៀមផ្លាស់ប្តូផងដែរ ដោយជំនួសលោក លី ជាំង ដែលជាមនុស្សដ៏ស្មោះស្ម័គ្រម្នាក់ជាមួយលោក ស៊ី ជិនពីង ត្រូវបានរំពឹងខ្ពស់ថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសចិន នៅខែមីនា ឆ្នាំ២០២៣។
លោក លី ជាំង មានអាយុ ៦៣ឆ្នាំ និងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ៕