នៅថ្ងៃទី២៣តុលានេះ គណៈកម្មាធិការមជ្ឈិមបក្សបានជ្រើសតាំង លោក ស៊ីជីនពីង ជាអគ្គលេខាបក្សសម្រាប់៥ឆ្ឆ្នាំបន្តទៀត និងជ្រើសតាំងសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ដែលសុទ្ធសឹងជាមនុស្សស្និទ្ធឬនឹងលោកស៊ីជីនពីងទាំងអស់។ ចំណែកឥស្សរជនដែលមានចរន្តនយោបាយធូររលុងជាង ត្រូវរុញឱ្យចូលនិវត្តន៍។
លោក លី ជាំង អគ្គលេខាបក្សប្រចាំក្រុងសៀងហៃ ទំនងនឹងទទួលដំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក លី ខឺជាំង ដែលនឹងចូលនិវត្តន៍។ លោក Zhao Leji អ្នកទទួលខុសត្រូវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លោក Wang Huning ទទួលបន្ទុកផ្នែកមនោគមវិជ្ជាបក្ស ដែលជាសមាជិកចាស់ត្រូវបន្តអាណត្តិថ្មី។
ចំណែក លោក សែ ជី អគ្គលេខាបក្សក្រុងប៉េកាំង លោក Ding Xuexiang នាយកការិយាល័យមជ្ឈិមបក្ស និងការិយាល័យប្រធានាធិបតី ដែលស្គាល់ថាជាដៃស្តាំរបស់លោកស៊ីជីនពីង លោក លី ស៊ី អគ្គលេខាបក្សខេត្តក្វាងទុង ជាសមាជិកអចិន្ត្រៃយ៍ថ្មីដែលមកជំនួសរុញច្រានអ្នកចូលនិវត្តន៍។
ទន្ទឹមនឹងនេះ សម្រាប់ការិយាល័យនយោបាយជាស្ថាប័នសម្រេចរបស់ប្រទេស មានសមាជិក២៥រូបវិញ ក៏ត្រូវបានបង្ហាញដែរ តែលើកនេះជាលើកទីមួយគ្មានសមាជិកភេទស្រីម្នាក់សោះ ខណៈសមាជិកស្រីតែម្នាក់គត់របស់ការិយាល័យបានចូលនិវត្តន៍៕