យោងតាមប្រភពជិនស្និទ្ធមួយ បាននិយាយថា ប្រធានាធនាគារកណ្តាលរបស់ប្រទេសចិន លោក Yi Gang ទំនងជាអាចចុះចេញពីតំណែង បន្ទាប់ពីគាត់ត្រូវបានគេទម្លាក់ចេញពីស្ថាប័នឥស្សរជនជាន់ខ្ពស់នៃបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច ហើយមានដំណឹងលេចលឺថា អតីតសមាជិកជាន់ខ្ពស់ធនាគារកណ្តាលមួយរូប កំពុងក្លាយជាបេក្ខភាពនាំមុខគេ ដើម្បីមកជំនួសតំណែងនេះវិញ ។
លោក Yi ដែលបច្ចុប្បន្នមានវ័យ ៦៤ ឆ្នាំ ស្ថិតនៅក្នុងចំណោមអ្នកបង្កើតគោលនយោបាយកំណែទម្រង់ ដែលត្រូវបានគេដកឈ្មោះចេញពីសមាជិកពេញសិទ្ធិនៃគណ:កម្មាធិការកណ្តាលរបស់បក្សកុម្មុនិស្តចិន រួមជាមួយថ្នាក់ដឹកនាំកំពូលផ្សេងទៀត ដូចជានាយរដ្ឋមន្ត្រីលោក Li Keqiang វ័យ ៦៧ ឆ្នាំ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Liu He វ័យ ៧០ ឆ្នាំ និងប្រធានកម្មាធិការធនាគារកណ្តាល លោក Guo Shuqing វ័យ ៦៦ ឆ្នាំផងដែរ ។
គួរឱ្យដឹងថាការរុះរើគណ:រដ្ឋមន្ត្រី នៅចុងបញ្ចប់នៃសមាជបក្ស ដែលទើបនឹងបិទបញ្ចប់ទៅក្នុងពេលថ្មីៗនេះ ត្រូវបានគេយល់ឃើញថា ស្ថិតនៅក្នុងចំណោមចលនាផ្លាស់ប្តូរមួយចំនួនផ្សេងទៀត ដែលត្រូវធ្វើឡើង ដើម្បីពង្រឹងអំណាចរបស់លោក Xi Jingping និងហាក់ដូចជាចង់ពង្រឹងការគ្រាប់គ្រង ក្នុងចំណោមមនុស្សដែលជិតស្និទទៅនឹងលោក Xi ។
បើយោងតាមអ្នកនយោបាលខាងក្នុងបក្ស បាននិយាយថា ការចាកចេញរបស់លោក Yi មើលទៅហាក់ដូចជារឿងចៀសមិនរួចនោះឡើយ ខណ:ពេលដែលក្រុមអ្នកគាំទ្រកំណែទម្រង់ កំពុងធ្លាក់តំណែងជិតអស់ហើយ នៅក្នុងសមាជបក្ស ។
លោក Yi គឺជាអ្នកជំនួសតំណែងនៅគណ:កម្មាធិការកណ្តាល កាលពីមុនមក ស្របពេលប្រភពមួយចំនួន បាននិយាយថា ការដកឈ្មោះគាត់ចេញពីបញ្ជីគណ:កម្មាធិការកណ្តាលបក្សថ្មីៗនេះ មានន័យថា ស្ទើតែច្បាស់ ១០០% ហើយថាគាត់នឹងត្រូវចុះចេញពីតំណែងជាប្រធានធនាគារកណ្តាលចិន នៅពេលពេលកិច្ចប្រជុំសភាប្រចាំឆ្នាំ ត្រូវធ្វើឡើង នៅខែមីនា ឆ្នាំក្រោយ។
ជម្រាបជូនផងដែរថា បច្ចុប្បន្ន លោក Yin Yong អនុប្រធានបក្សនៅរដ្ឋធានីប៉េកាំង ដែលបានបម្រើការជាអភិបាលរងធនាគារកណ្តាល ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ កំពុងក្លាយជាបេក្ខភាពនាំមុខគេ ដើម្បីឡើងទៅជំនួសតំណែងរបស់លោក Yi ។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងធនាគារកណ្តាលប្រទេសចិន បានបង្ហើបប្រាប់ឱ្យដឹង ៕