ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់វៀតណាម VinFast បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានទទួលកញ្ចប់ថវិកាហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារ ពីធនាគារអភិវឌ្ឍអាស៊ី (ADB) ដើម្បីជាផ្នែកមួយ ក្នុងការជំរុញដល់ការវិនិយោគ ដែលមិនប៉ះពាល់ដល់អាកាសធាតុនៅក្នុងតំបន់ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។
គួរឱ្យដឹងថា VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Vingroup JSC បាននិយាយកាលពីឆ្នាំមុនថា ខ្លួនគ្រោងនឹងរៃអង្គាសទឹកប្រាក់យ៉ាងហោចណាស់ ៤០០ លានដុល្លារ តាមរយ:ប្រាក់កម្ចី ដើម្បីផ្តល់មូលនិធិដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ។
យោងតាមសេចក្តីថ្លែងការរួមគ្នាមួយរបស់ក្រុម VinFast បាននិយាយថា ជំនួយនេះ គឺជាការផ្តល់ហិរញ្ញប្បទានរយ:ពេល ៧ ឆ្នាំ រួមទាំងប្រាក់កម្ចី ២០ លានដុល្លារ ដែលផ្តល់មូលនិធិដោយ ADB និងប្រាក់កម្ចី ៨៧ លានដុល្លារ ដែលទទួលបានការសម្របសម្រួលដោយ ADB និងការផ្តល់ហិរញ្ញប្បទានសម្បទានរហូតដល់ ២៨ លានដុល្លារផ្សេងទៀត ។
ជម្រាបផងដែរថា VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ ២០១៩ និងបានបញ្ឈប់ការផលិតរថយន្ត ដែលដំណើរការដោយចំហេះប្រេងសាំង នៅក្នុងខែសីហា កំពុងកំណត់គោលដៅលក់រថយន្តអគ្គិសនីរបស់ខ្លួន នៅទូទាំងពិភពលោក ចំនួន ៧៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៦ ខណ:ពួកគេក៏កំពុងត្រៀមពង្រីកខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិកផងដែរ។
បើតាមទិន្នន័យផ្លូវការមួយ បានឱ្យដឹងថា វិស័យដឹកជញ្ជូនរបស់វៀតណាមមាន ១៨ % នៃការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសនេះ។ ហើយ ADB បានបញ្ជាក់ថា មូលនិធិដែលបានផ្តល់ឱ្យនេះ នឹងគាំទ្រដល់កិច្ចខំប្រឹងប្រែងរបស់វៀតណាម ក្នុងការសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចប់មកត្រឹមកម្រិតសូន្យ នៅឆ្នាំ ២០៥០ ៕