ការឲ្យលុយធីបទៅកាន់បុគ្គលិក គឺជាការបង្ហាញពីសេចក្ដីពេញចិត្តចំពោះសេវាកម្មដែលអតិថិជនទទួលបាន ហើយវាក៏ជាវប្បធម៌មួយសម្រាប់ភោជនីយដ្ឋាននានា មិនថានៅតំបន់អាស៊ី ឬនៅអឺរ៉ុបឡើយ។

នៅតំបន់អាស៊ីយើង ការប្រគល់លុយធីបមិនមែនជារឿងចាំបាច់ប៉ុន្មានទេ តួយ៉ាងដូចជានៅជប៉ុន និងនេប៉ាល់ ពួកគេយល់ថាការបម្រើសេវាកម្មដល់អតិថិជនល្អបំផុតគឺជារឿងចាំបាច់ និងជាមោទនភាពរបស់ពួកគេ ហើយក៏មិនចង់ទទួលលុយធីបពីអតិថិជនដែរ ជួនកាលពួកគេបដិសេធមិនទទួលលុយធីបក៏មាន។

ប៉ុន្តែក្រឡេកទៅមើលប្រទេសអ្នកមានមួយចំនួនដូចជាអាមេរិកជាដើម ការឲ្យលុយធីបគឺជារឿងដែលត្រូវតែធ្វើ រហូតនៅទីនោះមានទាំងស្តង់ដារលុយធីបដល់បុគ្គលិកថែមទៀត។ នេះបើតាមការចុះផ្សាយពី WesternUnion។
ប្រភពដដែលបានបន្ថែមថា ប្រទេសដូចជាអាមេរិក កាតា អារ៉ាប៊ីសាអូឌីត និងនៅអាមេរិក ស្តង់ដារលុយធីប គឺមានតម្លៃ ១៥ ទៅ ២០% នៃការចំណាយរបស់អតិថិជន ហើយបើសិនជាឲ្យតិចជាងនេះ គឺចាត់ទុកថាជាទង្វើមិនសមរម្យ។

យ៉ាងណា នៅប្រទេសតំបន់អឺរ៉ុបមួយចំនួនទៀត មិនមែនតម្រូវចាំបាច់ត្រូវតែបង់លុយធីបឡើយ ពោលពួកគេមានសិទ្ធិសម្រេចចំពោះរឿងមួយនេះ គ្រាន់តែថាភាគច្រើននៅហូឡង់ បារាំង អាល្លឺម៉ង់ និងអង់គ្លេសជាដើម គឺរមែងតែងទុកលុយធីប ៥ ឬ ១០% នៃការចំណាយរបស់ពួកគេ ដល់បុគ្គលិកដែលបម្រើសេវាកម្មល្អនៅតាមភោជនីយដ្ឋាន៕