កាលពីខែវិច្ឆិកាឆ្នាំទៅ Elon Musk បានបង្កើតប្រវត្តិសាស្ត្រថ្មី ក្លាយជាបុគ្គលតំបូងបំផុតដែលមានទ្រព្យសម្បត្តិច្រើនជាង ៣០០ ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla ឡើងខ្ពស់កប់ពពក។

ប៉ុន្តែរឿងរកាំរកូសជាច្រើនបានកើតឡើងបន្តកន្ទុយគ្នា ជាពិសេសបន្ទាប់ពីមានបញ្ហាជាមួយក្រុមហ៊ុនបណ្ដាញសង្គម Twitter ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោកម្នាក់នេះ បានថយចុះជាបន្តបន្ទាប់។
គិតចាប់ពីពេល Elon Musk មានលុយច្រើនបំផុតកាលពីថ្ងៃទី ០៤ វិច្ឆិកា ២០២១ ដែលលោកមានទ្រព្យសម្បត្តិប្រមាណ ៣២០ ពាន់លានដុល្លារ រហូតដល់ថ្ងៃទី ២០ តុលា ២០២២ ទ្រព្យសម្បត្តិរបស់បុគ្គលមានឥទ្ធិពលខាងលើ បានថយចុះប្រហែល ៣៥% មកសល់ត្រឹម ២០៩,៤ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Forbesafrica។

នេះក៏មានន័យថា មិនដល់មួយឆ្នាំផង Elon Musk របូតលុយអស់ប្រហែល ១១០ ពាន់លានដុល្លារ ហើយគ្រាន់តែខែតុលានេះ ទ្រព្យសម្បត្តិរបស់លោកបានថយចុះ ២៨ ពាន់លានដុល្លារ បើធៀបនឹងខែមុន។

បើទោះជារបូតលុយអស់ជាង ១០០ ពាន់លានដុល្លារក្ដី ប៉ុន្តែ Elon Musk នៅតែអាចគ្រងងារជាមហាសេដ្ឋីមានបំផុតលើលោក ជាមួយនឹងទ្រព្យសម្បត្តិសេសសល់ជាង ២០០ ពាន់លានដុល្លារ ស៊ីដាច់អ្នកមានបំផុតនៅអឺរ៉ុប Bernard Arnault ដែលមានទ្រព្យសម្បត្តិប្រហែល ១៥០ ពាន់លានដុល្លារដដែល៕