លោក Rishi Sunak បានក្លាយជាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស កាលពីថ្ងៃចន្ទ បន្ទាប់ពីបានយកឈ្នះទៅលើគូប្រជែង ដែលនៅសេសសល់តែមួយគត់គឺ លោកស្រី Penny Mordaunt ក្រោយពេលគាត់អស់សិទ្ធិក្នុងការឈរឈ្មោះ ដោយសារមិនមានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ ។
យ៉ាងណាតាមរយ:ការឈ្នះឆ្នោតនេះផងដែរ បានធ្វើឱ្យលោក Sunak កា្លយជានាយករដ្ឋមន្ត្រីកូនកាត់អាស៊ី ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត និងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសវ័យក្មេងបំផុត មិនធា្លប់មាន ក្នុងរយ:ពេលច្រើនជាង ២០០ ឆ្នាំចុងក្រោយ ។
ជុំវិញការឡើងកាន់តំណែងជំនួស លោកស្រី Liz Truss នេះ ឧកញ៉ាញូវ សូមលើកយកប្រវត្តិទាក់ទងខ្លះៗ របស់លោក Rishi Sunak មកបង្ហាញឱ្យបានដឹងដូចតទៅ ៖
លោក Rishi Sunak បានកើតនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៨០ នៅទីក្រុង Southampton ចក្រភពអង់គ្លេស។ លោកជាកូនច្បង ក្នុងចំណោមបងប្អូន ៣ នាក់ ដែលមានឪពុក ជាជនជាតិឥណ្ឌា និងម្តាយជាជនជាតិដើមកេនយ៉ា ដែលបានធ្វើអន្តោប្រវេសន៍មករស់នៅប្រទេសអង់គ្លេស ។ ឪពុករបស់លោក Sunak ធ្វើការជាគ្រូពេទ្យទូទៅ ចំណែកឯម្តាយរបស់លោកវិញ គឺជាឱសថការី ដែលបើកឱសថស្ថានផ្ទាល់ខ្លួនមួយ នៅក្នុងស្រុក។
បើនិយាយពីប្រវត្តិសិក្សាវិញ លោក Rishi បានទទួលការអប់រំ នៅមហាវិទ្យាល័យ Winchester , Lincoln College និងបានបញ្ចប់ការសិក្សាផ្នែកទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច (PPE) នៅមហាវិទ្យាល័យ Oxford និងក្រោយមក លោកក៏បន្តទទួលបានសញ្ញាប័ត្រ MBA ពីសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋកាលីហ្វ័រញ៉ាផងដែរ ។
សម្រាប់ជីវិតការងារ មុនពេលដើរចូលឆាកនយោបាយ លោក Sunak ធ្លាប់បានធ្វើការជាអ្នកវិភាគមួយរូប នៅក្នុងក្រុមហ៊ុនវិនិយោគ Goldman Sachs ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៤ ។ ក្រោយមកទៀត លោកបានចូលរួម ជាមួយក្រុមហ៊ុនមូលនិធិការពារហានិភ័យ Theleme Partners ក្នុងឆ្នាំ ២០០៩ និងក្រោយមក លោកបានធ្វើជានាយកក្រុមហ៊ុនវិនិយោគ Catamaran Ventures ដែលជាកម្មសិទ្ធិឪពុកក្មេងរបស់គាត់ ដែលជាមហាសេដ្ឋីជនជាតិឥណ្ឌា គឺលោក N.R. Narayana Murthy ។
ក្នុងឆ្នាំ ២០១៤ លោក Sunak ត្រូវបានជ្រើសរើសជាបេក្ខជនម្នាក់ សម្រាប់គណបក្សអភិរក្សនិយម ហើយរហូតដល់ការបោះឆ្នោតជាសកលមួយត្រូវធ្វើឡើងនៅឆ្នាំ ២០១៥ លោកត្រូវបានគេបន្តជ្រើសតាំងជាសមាជិកសភា។ នៅចន្លោះឆ្នាំ ២០១៥ ដល់ ២០១៧ លោកបានបម្រើការជាសមាជិកនៃគណ:កម្មាធិការជ្រើសរើស ផ្នែកបរិស្ថាន អាហារ និងកិច្ចការជនបទ ផងដែរ ។
លុះដល់ឆ្នាំ ២០១៩ លោក Sunak ត្រូវបានតែងតាំងជាប្រធានលេខាធិការរតនាគារ ដោយនាយករដ្ឋមន្ត្រី លោក Boris Johnson ។ ហើយរហូតដល់មានការរុះរើគណ:រដ្ឋមន្ត្រី នៅក្នុងខែកុម្ភ:ឆ្នាំ ២០២០ មក លោក Sunak ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។
ក្រោយមកទៀត នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ពោលគឺត្រឹមមួយថ្ងៃក្រោយការលាលែងពីតំណែងរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson លោក Sunak បានប្រកាសថាលោក នឹងឈរឈ្មោះជាបេក្ខភាព នៅក្នុងការបោះឆ្នោត ធ្វើជាមេដឹកនាំបក្សអភិរក្សនិយម ដើម្បីជំនួសតំណែងលោក Johnson ។ តែទោះជាយ៉ាងណា លោកបានចាញ់ លោកស្រី Liz Truss ដែលបានប្រកាសលាលែងចេញពីតំណែងវិញ កាលពីសប្តាហ៍មុន ៕