កាលពីពេលថ្មីៗនេះ សារព័ត៌មាន Forbes បានទម្លាយថា តារាចម្រៀងរ៉េប Kanye West លែងក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារទៀតហើយ បន្ទាប់ពីរូបគេ និងក្រុមហ៊ុនខ្នាតយក្ស Adidas បានបញ្ចប់កុងត្រារវាងគ្នា។

ប្រភពដដែលបានបន្ថែមថា ងារដែលអតីតស្វាមី Kim Kardashian ធ្លាប់ទទួលបាន គឺដោយសារតម្លៃកុងត្រារវាងលោក និង Adidas ធ្លាប់មានរហូតដល់ ១,៥ ពាន់លានដុល្លារ ប៉ុន្តែនៅពេលកុងត្រាមួយនេះបានបញ្ចប់ រូបលោកក៏លែងក្លាយជាមហាសេដ្ឋីទៀតដែរ។

Forbes ថែមទាំងអះអាងទៀតថា បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់ Kanye West គឺមានប្រមាណ ៤០០ លានដុល្លារ ដែលបានមកពីតម្លៃអចលនទ្រព្យ ជាម្ចាស់ភាគហ៊ុន ៥% នៃក្រុមហ៊ុន Skims និងលុយដែលបានមកពីវិស័យចម្រៀង។

យ៉ាងណា តារារ៉េបរូបនេះធ្លាប់ប្រកែកជាមួយ Forbes ថា រាយការណ៍ពីទិន្នន័យទ្រព្យសម្បត្តិរបស់ខ្លួនខុស ពោលទ្រព្យសម្បត្តិរបស់លោកគឺ មានប្រហែល ៧ ពាន់លានដុល្លារ ហើយកុងត្រាជាមួយ Adidas គឺប្រហែល ៤ ពាន់លានដុល្លារ ខុសទាំងស្រុងពីរបាយការណ៍ផ្ដល់ឲ្យដោយ Forbes ដែលអះអាងថា មានត្រឹម ២ ពាន់លានដុល្លារ៕