កាលពីពេលថ្មីៗនេះ សារព័ត៌មាន DailyMail បានចេញផ្សាយថា ទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រី Rishi Sunak និងភរិយា គឺមានច្រើនជាងស្ដេចនៃចក្រភពអង់គ្លេស King Charles III ដល់ទៅទ្វេដង។

ជាការពិត បើសិនជានិយាយពីទ្រព្យសម្បត្តិសរុបរបស់ស្ដេច King Charles III គឺច្បាស់ជាមានច្រើនជាង ប៉ុន្តែបើនិយាយពីទ្រព្យផ្ទាល់ខ្លួនគឺមានតិចជាងកូនប្រសារមហាសេដ្ឋីឥណ្ឌា។

DailyMail បានអះអាងថា នាយករដ្ឋមន្ត្រីអង់គ្លេស និងភរិយាមានទ្រព្យសម្បត្តិសរុបប្រហែល ៧៣០ លានផោន ដែលមួយចំណែកធំជាទ្រព្យរបស់ភរិយាដែលជាកូនស្រីម្នាក់គត់របស់មហាសេដ្ឋីឥណ្ឌាមួយរូប ខណៈទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ស្ដេច King Charles III មានប្រមាណ ៣៧០ លានផោន។

សូមជម្រាបដែរថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ស្ដេច King Charles III គឺមិនរាប់បញ្ចូលពីអចលនទ្រព្យខ្នាតយក្សដូចជា ប្រាសាទ Duchy of Lancaster ដែលត្រូវបានរដ្ឋគ្រប់គ្រងតាំងពីសវទី ១៤ ឡើយ។
ម៉្យាងទៀត មូលហេតុដែលទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ស្ដេចអង់គ្លេស មានតិចជាងនាយករដ្ឋមន្ត្រី គឺដោយសារទិន្នន័យនៃតម្លៃអចលនទ្រព្យមួយចំនួនធំរបស់ទ្រង់ គឺមិនត្រូវបានទម្លាយឲ្យដឹងជាសាធារណៈ ដូច្នេះទិន្នន័យដែលបានបង្ហាញខាងលើ អាចនិយាយបានថាជាផ្នែកខ្លះនៃអ្វីដែលទ្រង់មានប៉ុណ្ណោះ៕