ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសទី ៣ សម្រាប់ឆ្នាំ ២០២២ នេះមិនបានប៉ុន្មានផង លោក Rishi Sunak និងប្រធានាធិបតីអាមេរិក ចូ បៃឌិន បានជួបសំណេះសំណាលគ្នា អំពីបញ្ហាដែលកំពុងកើតមានឡើងជាសកល។

ក្នុងការចរចានោះ មេដឹកនាំប្រទេសទាំង ២ បានសន្យាថា នឹងបន្តជួយផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារការឈ្លានពានពីរុស្ស៊ី ហើយថ្នាក់ដឹកនាំទាំង ២ រូបក៏បានទម្លាយទៀតថា នឹងត្រៀមខ្លួនប្រកួតប្រជែងជាមួយចិនទៀតផង។

យោងតាមសេចក្ដីថ្លែងការណ៍ចេញដោយសេតវិមានបានឲ្យដឹងថា៖ “ថ្នាក់ដឹកនាំទាំង ២ បានយល់ព្រម ក្នុងការធ្វើការជាមួយគ្នាដើម្បីជួយដល់អ៊ុយក្រែន ក៏ដូចជាទប់ស្កាត់ភាពសាហាវរបស់រុស្ស៊ី ដែលកំពុងតែបង្កចំពោះអ៊ុយក្រែន”។

សូមជម្រាបដែរថា អាមេរិកបានចាត់ទុកចិន ជាដៃគូប្រកួតប្រជែងខ្ពស់បំផុតលើវិស័យភូមិសាស្ត្រនយោបាយ និងឆាកសេដ្ឋកិច្ចអន្តរជាតិ ហើយការដែលអង់គ្លេសប្រកាសចូលរួមចាប់ដៃគ្នា ប្រជែងជាមួយចិនបែបនេះ វារឹតតែធ្វើឲ្យអាមេរិកទទួលបានអារម្មណ៍កក់ក្ដៅមួយកម្រិតទៀត៕