កាលពីពេលកន្លងទៅ Meta Platforms ធ្លាប់បានបញ្ឈប់បុគ្គលិករាប់រយនាក់រួចមកហើយ ប៉ុន្តែថ្មីៗនេះក្រុមវិនិយោគិនរបស់ Facebook បានតឿនឲ្យមេធំ Mark Zuckerberg កាត់បន្ថយបុគ្គលិកបន្ថែមទៀត រហូតដល់ ២០% ដើម្បីសម្រួលដល់ការចំណាយក្នុងក្រុមហ៊ុន។
បន្ថែមពីនោះ ពួកគេក៏បង្ហាញពីការមិនពេញចិត្តចំពោះគម្រោង Metaverse ដែលមហាសេដ្ឋីអាមេរិកធ្លាប់បង្ហាញកន្លងមកដែរ ដ្បិតស្ថាបនិក Facebook ចង់ចាក់លុយច្រើនពេកលើគម្រោងមួយនេះ ដែលមិនធានាបាននូវផលចំណេញដល់វិនិយោគិន។ នេះបើតាមការចុះផ្សាយពី BGR។
“បើសិនជាគាត់ (Mark Zuckerberg) ជះលុយត្រឹម ១ ឬ ២ ពាន់លានដុល្លារប្រចាំឆ្នាំសម្រាប់គម្រោង Metaverse នោះវាប្រហែលជាមិនមានបញ្ហាឡើយ ព្រោះបើសិនជាជួបផលវិបាកអី ក្រុមហ៊ុនអាចរកដំណោះស្រាយបាន”។ នេះបើតាមសម្ដីវិនិយោគិនម្នាក់បានបង្ហើបប្រាប់សារព័ត៌មាន។
ប៉ុន្តែ ក្រុមហ៊ុនបានទម្លាយថា ពួកគេមានគម្រោងចាយលុយដល់ទៅ ១០ ឬ ១៥ ពាន់លានដុល្លារឯណោះជារៀងរាល់ឆ្នាំ សម្រាប់គម្រោង Metaverse មួយនេះ ហើយដើម្បីអាចធ្វើឲ្យផែនការនេះលេចចេញជារូបរាងបាន វាត្រូវការពេលយ៉ាងតិចណាស់ក៏ ១០ ឆ្នាំដែរ។
ដូច្នេះមានន័យថា Meta គ្រោងចាយលុយយ៉ាងហោចណាស់ ១០០ ពាន់លានដុល្លារសម្រាប់រយៈពេល ១០ ឆ្នាំ ជាមួយនឹងគម្រោងដែលមិនមានភាពប្រាកដប្រជា ជាមួយនឹងផលតបស្នងមកវិញ ដែលបណ្ដាលឲ្យក្រុមវិនិយោគិនជាច្រើនបង្ហាញការមិនពេញចិត្តជាខ្លាំងជាមួយនឹង Mark Zuckerberg៕