ឥណ្ឌូនេស៊ី ដាក់ចេញទិដ្ឋាការថ្មី អាចឱ្យជនបរទេសស្នាក់នៅកោះបាលី បានរយ:ពេល ១០ ឆ្នាំ

អន្តរជាតិ

ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី បានដាក់ចេញនូវវិធានការថ្មីមួយផ្សេងទៀត ក្នុងគោលបំណង ដើម្បីទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិ មកធ្វើការ ឬស្នាក់នៅរយ:ពេលវែង នៅកោះបាលី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឥណ្ឌូនេស៊ី កំពុងផ្តល់ទិដ្ឋាការថ្មីមួយ ដែលមានឈ្មោះថា “Second hone” សម្រាប់រយ:ពេលស្នាក់នៅចន្លោះពី ៥ ទៅ ១០ ឆ្នាំ ដល់ជនបរទេសណា ដែលមានទឹកប្រាក់យ៉ាងហោចណាស់ ២ ពាន់លានរូពី (១៣០ ០០០ ដុល្លារ) នៅក្នុងគណនីធនាគាររបស់ពួកគេ ។ នេះបើយោងតាមបទប្បញ្ញតិថ្មីមួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារកន្លងទៅ ។

បើតាមអគ្គនាយកស្តីទីទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ លោក Widodo Ekatjahjana បានមានប្រសាសន៍ថា នេះគឺជាការលើកទឹកចិត្ត ដែលមិនមែនផ្តោតលើសារពើពន្ធ សម្រាប់ជនបរទេសមួយចំនួន ក្នុងការរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចឥណ្ឌូនេស៊ី ។

លោកបន្ថែមទៀតថា ឥណ្ឌូនេស៊ី មានបំណងផ្តល់ការស្នាក់នៅរយ:ពេលវែង ដើម្បីទាក់ទាញជនបរទេស ដែលមានជំនាញ អ្នកចូលនិវត្តន៍ និងអ្នកមានទ្រព្យសម្បត្តិផ្សេងទៀត បន្ទាប់ពីប្រទេសនៅតំបន់អាស៊ានមួយនេះ ធ្លាប់បានដាក់ចេញទិដ្ឋាការឌីថលពិសេសមួយ កាលពីឆ្នាំ ២០២១ ដើម្បីផ្តោតលើការទាក់ទាញភ្ញៀវទេសចរ មកកាន់កោះបាលី ដែលជាទិសដៅទេសចរណ៍កំពូលរបស់ខ្លួន ។

មិនតែប៉ុណ្ណោះ ការដាក់ចេញនូវទិដ្ឋាការថ្មីនេះ ក៏ស្របពេលជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការមកដល់របស់ភ្ញៀវទេសចរ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ ដូចជា Garuda Indonesia ចាប់ផ្តើមបើកជើងហោះហើរអន្តរជាតិឡើងវិញ ៕