កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសតែងតាំងលោក Jay Y. Lee ជាប្រធានក្រុមហ៊ុន បន្ទាប់ពីមហាសេដ្ឋីរូបនេះក្ដោបក្ដាប់តំណែងជាអនុប្រធានអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការចុះផ្សាយពី CNN។
ក្រោយការតែងតាំងនេះភ្លាម ប្រធានថ្មីនៃក្រុមហ៊ុន Samsung ក៏បានធ្វើការសន្យាថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក្រុមហ៊ុននឹងចាយលុយប្រមាណ ៣៥០ ពាន់លានដុល្លារ ក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាបង្កើតការងារប្រហែល ៨០ ០០០ កន្លែងជូនប្រជាពលរដ្ឋផងដែរ។
សូមជម្រាបដែរថា មហាសេដ្ឋីកូរ៉េខាងត្បូងម្នាក់នេះ ទើបនឹងទទួលបានការលើកលែងទោសពីករណីជាប់ពាក់ព័ន្ធនឹងករណីពុករលួយ កាលពីខែសីហា ដោយប្រធានាធិបតីអះអាងថា វាគឺជាការផ្ដល់ឱកាសសម្រាប់រូបលោកកែប្រែកំហុស និងងាកមកជួយសេដ្ឋកិច្ចជាតិដែលកំពុងជួបផលវិបាក។
គួររំលឹកបន្ថែមថា ដោយសារសេដ្ឋកិច្ចសកលលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជាច្រើនរបូតស្ទើរគ្រប់គ្នា ប៉ុន្តែប្រធានក្រុមហ៊ុន Samsung រងការខូចខាតតិចបំផុត និងនៅតែអាចរក្សាងារជាអ្នកមានដាច់គេប្រចាំប្រទេស ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៧,២ ពាន់លានដុល្លារ៕