Ford ក្លាយជាក្រុមហ៊ុនរថយន្តខ្នាតយក្សចុងក្រោយ ដែលប្រកាសឈប់រកស៊ីនៅរុស្ស៊ី

អន្តរជាតិ

ក្រុមហ៊ុនរថយន្ត Ford Motor Co បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងចាកចេញពីប្រទេសរុស្ស៊ីហើយ ខណ:ការប្រកាសនេះដែរ បានធ្វើឱ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សចុងក្រោយគេបង្អស់ ដែលនឹងឈប់ឈរជើងរកស៊ី នៅក្នុងប្រទេសមួយនេះ ចាប់តាំងពីមានការលុកលុយទៅលើអ៊ុយក្រែនមក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Mercedes-Benz ក៏បាននិយាយផងដែរថា ខ្លួននឹងដកខ្លួនចេញពីទីផ្សារប្រទេសរុស្ស៊ីដូចគ្នា បន្ទាប់ពីបានលក់ភាគហ៊ុនទាំងអស់ នៅក្នុងឧស្សាហកម្មរបស់ខ្លួន រួមទាំងនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ទៅឱ្យក្រុមអ្នកវិនិយោគ នៅក្នុងប្រទេសរុស្ស៊ីកាន់កាប់ជំនួសវិញ ។

ទន្ទឹមនឹងនេះក្រុមហ៊ុន Ford បាននិយាយថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងមួយចំនួន ដើម្បីអាចលក់ភាគហ៊ុនចំនួន ៤៩% ទៅឱ្យក្រុមហ៊ុនបណ្តាក់ទុនរកស៊ីរួមគ្នា Sollers Ford ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី នៅក្នុងតម្លៃទាបមួយ ដែលមិនត្រូវបានគេបង្ហាញឱ្យដឹង ។

គួរឱ្យដឹងផងដែរថាក្រុមហ៊ុន Ford បានលក់រថយន្តប្រហែល ២០​ ០០០ គ្រឿង ក្នុងប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគេបានប្រកាសផ្អាកធ្វើអាជីវកម្មរបស់ខ្លួនទាំងអស់ នៅក្នុងប្រទេសនេះ ចាប់តាំងពីមានសង្គ្រាមផ្ទុះឡើង នៅខែមីនាឆ្នាំ ២០២២ មក ។

ហើយយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Ford បានសម្រេចចិត្ត ដើរតាមកន្លងរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកផ្សេងទៀត ដូចជា Cisco Systems Inc និង Nike Inc ក្នុងការការចាកចេញពីប្រទេសរុស៊្សីទាំងស្រុង បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការចូលឈ្លានពានរបស់ពួកគេ ទៅលើអ៊ុយក្រែន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុននៅទីនោះ ពិបាកខ្លាំងក្នុងការបន្តឈរជើងរកស៊ី ៕