ត្រឹម ៩ ខែដំបូងឆ្នាំនេះ ការនាំចូលរបស់ឥណ្ឌាពីចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ ដែលចេញផ្សាយដោយសារព័ត៌មាន The Hindu បានបង្ហាញថា ការនាំចូលទំនិញរបស់ឥណ្ឌា ពីប្រទេសចិន បានកើនឡើងរហូតដល់ ៣១% ក្នុងរយ:ពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ នេះ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញទៀតថា ការនាំចូលសរុបពីប្រទេសចិន មានតម្លៃ ៨៩,៦៦ ពាន់លានដុល្លារ ក្នុងអំឡុងពេលនេះ នៅពេលដែលឥណ្ឌាបានសម្រុកទិញចូលទំនិញកាន់តែច្រើន ដូចជាគ្រឿងម៉ាស៊ីន និងទំនិញកម្រិតមធ្យម ដូចជាគ្រឿងផ្សំឱសថជាដើម ដែលបានបំបែកកំណត់ត្រានាំចូលពីមុន ក្នុងតម្លៃ ៦៨,៤៦ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ ។

ដោយឡែកបើយោងតាមទិន្នន័យពីរដ្ឋបាលទូទៅចិន (GAC) បានបង្ហាញថា ការនាំចូលរបស់ចិន ពីឥណ្ឌាវិញ ក្នុងរយ:ពេល ៩ ខែដំបូង នៅឆ្នាំនេះ គឺបានធ្លាក់ចុះ ៣៦,៤% ក្នុងតម្លៃ ១៣,៩៧ ពាន់លានដុល្លារ ។

គួរបញ្ជាក់ផងដែរថា កំណើននៃការនាំចេញទៅកាន់ឥណ្ឌានេះ បានបង្ហាញថាពួកគេ គឺស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិន ខណ:ពេលដែលអាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់ ៧១៧ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៣ ត្រីមាសចុងក្រោយ ដែលកើនឡើង ១៣,៨% ៕