កាលពីថ្ងៃទី ២៧ តុលាកន្លងទៅ ក្រុមហ៊ុន PetroChina Co Ltd ជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំបំផុតនៅអាស៊ី បានប្រកាសពីប្រាក់ចំណូលសម្រាប់ ៣ ត្រីមាសតំបូងនៃឆ្នាំ ២០២២ នេះ ជាមួយនឹងការកើនឡើង ៦០% បើធៀបនឹងឆ្នាំទៅ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ទិន្នន័យប្រាក់ចំណូល ៩ ខែតំបូងនៃក្រុមហ៊ុន PetroChina បានឈានដល់ ១២០,៣ ពាន់លានយ៉ន់ ឬប្រមាណ ១៦,៦ ពាន់លានដុល្លារ។

ការកើនឡើងនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺដោយសារតម្រូវការក្នុងស្រុកចំពោះប្រេងឆៅ កើនឡើង ២,៧% រហូតដល់ ៥៧៧ លានបារ៉េល ស្របពេលតម្រូវការឧស្ម័នកើន ៥,១% ដល់ ៩៣ ពាន់លានម៉ែត្រគីប។

សូមជម្រាបដែរថា ដោយសារវិធានការរឹតបន្តឹងកូវីដ ១៩ របស់រដ្ឋាភិបាលចិន ដែលតម្រូវឲ្យប្រជាពលរដ្ឋអនុវត្តយ៉ាងម៉ឺងម៉ាត់ បានធ្វើឲ្យសហគ្រាសផលិតប្រេងធំៗជាច្រើនបង្ខំចិត្ត កាត់បន្ថយចំនួនបុគ្គលិក ជាហេតុធ្វើឲ្យការផលិតប្រេងនៅចិនមានការធ្លាក់ចុះបើធៀបនឹងឆ្នាំទៅ៕