កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk កំពុងលឺល្ហៀងៗថា គ្រោងពង្រីកអាជីវកម្មមកកាន់ទីផ្សារប្រទេសហ្វីលីពីន ជាមួយការផ្ដល់សេវាកម្មអ៊ីនធឺណិតដល់ពាណិជ្ជករ និងរដ្ឋាភិបាល។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា SpaceX ដែលមានបំណងចង់ឈានចូលទីផ្សារហ្វីលីពីន ដោយចាប់ដៃគូជាមួយនឹងមហាសេដ្ឋីក្នុងស្រុកម្នាក់គឺ Henry Sy Jr ហើយលោកក៏នឹងក្លាយជាដៃគូដំបូងបំផុតរបស់ SpaceX នៅតំបន់អាស៊ីអាគ្នេយ៍។

សូមជម្រាបដែរថា ភូមិសាស្ត្រនៃប្រទេសហ្វីលីពីន គឺមានភាពលំបាកសម្រាប់ក្រុមហ៊ុនអ៊ីនធឺណិត ក្នុងការផ្គត់ផ្គង់សេវាកម្មនៅទីនោះ ដ្បិតប្រទេសមួយនេះជាបណ្ដុំកោះប្រមាណ ៧ ៦០០ កោះ ហើយក្នុងមួយឆ្នាំៗពួកគេតែងតែជួបនៅខ្យល់ព្យុះយ៉ាងហោចណាស់ ២០ ដង ដែលបង្កការខូចខាតញឹកញាប់ ដល់អង់តែនទូរគមនាគមន៍ជាច្រើនសារ។

យ៉ាងណា បើតាមក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសហ្វីលីពីនទម្លាយឲ្យដឹងកាលពីដើមខែ សេវាកម្មអ៊ីនធឺណិត Starlink របស់ SpaceX អាចនឹងមានវត្តមាននៅប្រទេសហ្វីលីពីននៅឆ្នាំ ២០២៣ ខាងមុខ៕