កាលពីថ្ងៃទី ២៨ តុលានេះ ក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃ Xiaomi Corp បានទម្លាយថា ពួកគេកំពុងបញ្ឈប់ការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ TechCrunch។

ប្រភពដដែលបន្ថែមថា ក្រុមហ៊ុនចិនបានចាប់ផ្ដើមលុបចោលកម្មវិធី Mi Pay និង Mi Credit ចេញពី Play Store ដែលមាននៅក្នុងប្រទេសឥណ្ឌារួចស្រេចហើយ។

សូមជម្រាបដែរថា កម្មវិធី Mi Pay បានលេចរូបរាងតំបូងនៅឥណ្ឌាកាលពី ៣ ឆ្នាំមុន ហើយក៏ទទួលបានការគាំទ្រខ្លាំងពីប្រជាជន និងទទួលស្គាល់ពីសាជីវកម្មទូទាត់ជាតិនៃប្រទេសឥណ្ឌា ហៅកាត់ NPCI ទៀតផង។

ទាក់ទងនឹងមូលហេតុជាក់លាក់ដែល Xiaomi ដកកម្មវិធីទូទាត់ប្រាក់របស់ខ្លួនចេញពីឥណ្ឌា Reuters មិនទាន់អាចសុំការបំភ្លឺបាននៅឡើយ គ្រាន់តែដឹងថាមួយរយៈចុងក្រោយនេះ Xiaomi និងរដ្ឋាភិបាលឥណ្ឌា ហាក់មិនចុះសម្រុងនឹងគ្នាប៉ុន្មានឡើយ បន្ទាប់ពីអាជ្ញាធរឥណ្ឌាបដិសេធមិនប្រគល់ទ្រព្យសម្បត្តិរបស់ Xiaomi ដែលបានបង្កក និងមានតម្លៃជិត ៧០០ លានដុល្លារ៕