សេដ្ឋកិច្ចអនឡាញរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើង ១៧% ដល់ចំនួន ៣៥ ពាន់លានដុល្លារ ក្នុងតម្លៃទំនិញសរុប (GMV) នៅឆ្នាំ ២០២២ នេះ ដែលត្រូវបានជំរុញដោយការកើនឡើងនៃពាណិជ្ជកម្មអេឡិចត្រូវនិក នៅក្នុងប្រទេស ហើយរំពឹងថាអាចនឹងបន្តកើនឡើងដល់ ៥៣ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ Google , Temasek និង Bain & Company ។
ថៃ ត្រូវបានគេរំពឹងថានឹងនៅតែជាប្រទេស ដែលមានសេដ្ឋកិច្ចអនឡាញធំជាងគេពីរ នៅក្នុងតំបន់អាស៊ាន នៅឆ្នាំ ២០២២ នេះ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែត្រូវបានគេរំពឹងថានឹងឈានដល់ ៧៧ ពាន់លានដុល្លារ នៅក្នុង GMV ។
គួរឱ្យដឹងថាប្រទេសដែលកំពុងតាមពីក្រោយថៃ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចអនឡាញធំៗនៅក្នុងតំបន់នោះ មានដូចជាវៀតណាម (២៣ ពាន់លានដុល្លារ) , ម៉ាឡេស៊ី (២១ ពាន់លានដុល្លារ) , ហ្វីលីពីន (២០ ពាន់លានដុល្លារ) និងសិង្ហបុរី (១៨ ពាន់លានដុល្លារ) ។
ជាងនេះទៅទៀត សេដ្ឋកិច្ចអនឡាញរបស់ថៃ ត្រូវបានគេរំពឹងថា នឹងសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំ (CAGR) ចំនួន ១៥% នៅចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ប៉ុន្តែវានៅតែជាកំណើនដ៏យឺតមួយ បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់ផ្សេងទៀត ដោយវៀតណាមមានកំណើនប្រចាំឆ្នាំ ៣១% , ហ្វីលីពីន ២០% , ឥណ្ឌូនេស៊ី ១៩% , ម៉ាឡេស៊ី ១៧% និងសិង្ហបុរី ១៧% ។
យោងតាមស្ថិតិផ្លូវការមួយ បានបង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន កំពុងស្ថិតនៅផ្លូវមួយ ដើម្បីឆ្ពោះទៅរកការសម្រេចបាន ២០០ ពាន់លានដុល្លារ ក្នុង GMV សម្រាប់ឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើង ២០% ពីមួយឆ្នាំទៅមួយ ៕