កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក Andrej Babis បានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតដែលនឹងធ្វើឡើងនៅខែមករាឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពី BNN Bloomberg។
ការប្រកាសរបស់មហាសេដ្ឋីដែលរកស៊ីលើវិស័យគីមីសាស្ត្រ កសិកម្ម និងប្រព័ន្ធផ្សព្វផ្សាយ គឺធ្វើឡើងនៅលើកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យ តែបើទោះជាគណបក្សរបស់លោកគឺកំពុងមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែមហាសេដ្ឋីម្នាក់នេះទំនងមិនអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រឡើយ។
យោងតាមការស្ទង់មតិបានបង្ហាញថា លោក Babis ប្រហែលអាចឆ្លងផុតវគ្គជម្រុះជុំទី ២ ប៉ុន្តែអាចនឹងពិបាកសម្រាប់វគ្គបន្ទាប់ ស្របពេលបេក្ខភាពដែលមានសង្ឃឹមក្លាយជាប្រធានាធិបតីថ្មីគឺ មន្ត្រីយោធា NATO ដែលបានចូលនិវត្តន៍ និងឈរឈ្មោះជាបេក្ខភាពឯករាជ Petr Pavel។
សូមជម្រាបដែរថា មហាសេដ្ឋីឆែកម្នាក់នេះ កំពុងតវ៉ាក្ដីក្ដាំជាមួយនឹងសហភាពអឺរ៉ុប ជុំវិញការចោទប្រកាន់លោកពីករណីកិបកេងលុយកាក់ អំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី៕