កាលពីពេលថ្មីៗនេះ មហាសេដ្ឋីចិន Wu Yajun ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Longfor Group Holdings Ltd. បានប្រកាសចុះចេញពីតំណែងកំពូលមួយនេះ ជាហេតុធ្វើឲ្យវិនិយោគិនជាច្រើនកាន់តែបារម្ភពីស្ថានភាពវិស័យអចលនទ្រព្យស្រុកចិន។

យោងតាមការចុះផ្សាយពី Yahoo បានឲ្យដឹងថា មូលហេតុដែលអ្នកស្រី Wu សុខចិត្តចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន គឺដោយសារបញ្ហាសុខភាព និងកត្តាវ័យចំណាស់ ហើយការចាកចេញរបស់លោកស្រី ក៏ជះឥទ្ធិពលខ្លាំងក្លាដល់ក្រុមហ៊ុនផងដែរ។

តម្លៃហ៊ុនរបស់ Longfor គឺបានធ្លាក់ចុះរហូតដល់ ៤៥% ខណៈប្រាក់ចំណេញឆមាសទី ១ នៃឆ្នាំ ២០២២ ក្រុមហ៊ុនទទួលបានច្រើនជាងឆ្នាំមុនតែ ០,៨% ប៉ុណ្ណោះ ហើយចំនួនមួយនេះគឺត្រូវបានចាត់ទុកជាការកើនឡើងយឺតបំផុតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ។

សូមជម្រាបដែរថា Wu Yajun គឺបានដើរតាមគន្លងមហាសេដ្ឋីផ្សេងទៀតដែលរកស៊ីលើវិស័យតែមួយ ដូចជា Pan Shiyi និង Pan Zhang Xin ដែលបានប្រកាសចុះចេញពីតំណែងកំពូលនៃក្រុមហ៊ុន Soho China Ltd. បន្ទាប់ពីក្រុមហ៊ុនរងការគាបសង្កត់ពីរដ្ឋាភិបាលចិន ក្រោមផែនការរឹតបន្តឹងវិស័យបច្ចេកវិទ្យា និងអចលនទ្រព្យក្នុងស្រុក៕