ក្រុមហ៊ុន Twitter ដែលទើបនឹងផ្លាស់ប្ដូរម្ចាស់ជាមហាសេដ្ឋីមានបំផុតលើលោកកាលពីសប្ដាហ៍កន្លងទៅ កំពុងមានបំណងចង់បញ្ឈប់បុគ្គលិកមួយចំនួន សម្រាប់ដំណាក់កាលតំបូងនៃផែនការកាត់បន្ថយការចំនាយ។ នេះបើតាមការចុះផ្សាយពី Washington Post។

ដោយឡែក Reuters ក៏បានចុះផ្សាយដែរថា ក្រុមហ៊ុនថ្មីរបស់ Elon Musk ទំនងអាចកាត់បន្ថយបុគ្គលិកប្រមាណជិត ២ ០០០ នាក់ដែលស្មើនឹង ២៥% នៃចំនួនបុគ្គលិកសរុបដែល Twitter មានប្រហែល ៧ ០០០ នាក់នៅចុងឆ្នាំ ២០២១។
យ៉ាងណា មុនសម្រេចទិញយក Twitter មេធំ Tesla ធ្លាប់ចេញមុខបដិសេធ ពីការបញ្ឈប់បុគ្គលិក Twitter ម្ដងដែរ បន្ទាប់ពីមានចចាមអារ៉ាមថា លោកអាចនឹងបណ្ដេញបុគ្គលិកជាច្រើន នៅពេលដែលលោកទិញ Twitter បានសម្រេច។

សូមជម្រាបដែរថា គ្រាន់តែជោគជ័យក្នុងការក្លាយជាថៅកែថ្មីភ្លាម Elon Musk បានបញ្ឈប់មេៗដូចជា នាយកប្រតិបត្តិ Parag Agrawal ប្រធានហិរញ្ញវត្ថុ Ned Segal និងប្រធានផ្នែកច្បាប់ និងគោលនយោបាយ Vijaya Gadde ភ្លាមតែម្ដង ប៉ុន្តែ Reuters មិនអាចសុំការបំភ្លឺថ្មីទាក់ទងនឹងការបញ្ឈប់បុគ្គលិក ២៥% នេះបាននៅឡើយ៕