ទ្រព្យសម្បត្តិសរុបមហាសេដ្ឋីមានបំផុតនៅចិន ៥ រូបបានរបូតពី ២០០ ពាន់លានដុល្លារ មកនៅត្រឹម ១៧៧,៥ ពាន់លានដុល្លារ គិតពីខែមេសា រហូតដល់ថ្ងៃទី ២៧ តុលា ២០២២។ នេះបើតាមទិន្នន័យចេញផ្សាយដោយ Forbes។

ប្រភពដដែលអះអាងថា ក្នុងចំណោមទ្រព្យសម្បត្តិដែលខាតបង់ប្រហែល ២២,៥ ពាន់លានដុល្លារនោះ ស្ថាបនិកក្រុមហ៊ុន Tencent Holdings លោក Pony Ma គឺរ៉ាប់រងការខាតបង់ជាងពាក់កណ្ដាលតែឯង ពោលគឺបានរបូតទ្រព្យសម្បត្តិប្រមាណ ១២,៥ ពាន់លានដុល្លារ។

ដោយឡែក អ្នកដែលខាតបង់ធ្ងន់ធ្ងរបន្ទាប់គឺលោក Wang Wei របូតលុយប្រមាណ ៤,៥ ពាន់លានដុល្លារ ខណៈមហាសេដ្ឋីមានបំផុតនៅចិន Zhong Shanshan ខាតបង់ទ្រព្យសម្បត្តិប្រហែល ៣,២ ពាន់លានដុល្លារ។

រីឯសហស្ថាបនិក Alibaba មហាសេដ្ឋី Jack Ma វិញ របូតលុយខ្ទង់ ១,៨ ពាន់លានដុល្លារ ហើយអ្នកដែលខាតបង់តិចបំផុត គឺមហាសេដ្ឋីលំដាប់លេខ ២ Zhang Yiming ដែលរបូតលុយតែ ៥០០ លានដុល្លារប៉ុណ្ណោះ៕