រោងចក្រ iPhone នៅចិន ប្រកាសបង្កើនប្រាក់រង្វាន់ ៤ ដង ដល់បុគ្គលិកដែលបន្តធ្វើការ ចំពេលផ្ទុះកូវីដ-១៩ ​

អន្តរជាតិ

រោងចក្រផ្គត់ផ្គង់ iPhone ធំបំផុតមួយរបស់ពិភពលោក ដែលស្ថិតនៅប្រទេសចិន បានប្រកាសប្រាប់ទៅកាន់បុគ្គលិករបស់ខ្លួន នៅថ្ងៃអង្គារនេះថា នឹងទទួលបានប្រាក់រង្វាន់លើសមុន ៤ ដង ប្រសិនបើពួកគេនៅតែបន្តធ្វើការនៅក្នុងរោងចក្រ បន្ទាប់ពីមានបុគ្គលិកជាច្រើន បានឈប់ធ្វើការ ក្រោយពីផ្ទុះកូវីដ-១៩ នៅក្នុងរោងចក្រនោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសចិន នៅក្នុងរយ:ពេលចុងក្រោយនេះ បានធ្វើការប្តេជ្ញាចិត្តយ៉ាងធំធេង ចំពោះយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់ខ្លួន ជាមួយនឹងការបិទខ្ទប់ ក៏ដូចជាការធ្វើតេស្តទ្រង់ទ្រាយធំ និងការធ្វើចត្តាឡីស័ករយ:ពេលយូរ ដើម្បីកាត់ផ្តាច់ការឆ្លងនៅទូទាំងប្រទេស ។

ទន្ទឹមនឹងនេះ រោងចក្ររបស់ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ iPhone ធំជាងគេ មានមូលដ្ឋាននៅទីក្រុង Zhengzhou បានស្ថិតនៅក្រោមការបិទទ្វាររោងចក្រ ចាប់តាំងពីពាក់កណ្តាលខែតុលាមក ដោយក្រុមហ៊ុននេះ បាននិយាយថា ខ្លួនកំពុងធ្វើតេស្តទៅលើបុគ្គលិកជារៀងរាល់ថ្ងៃ និងរក្សាពួកគេមិនឱ្យចេញពីរោងចក្រនោះឡើយ ។

តែទោះជាយ៉ាងណា យោងតាមវីដេអូមួយ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម កាលពីចុងសប្តាហ៍មុន បានបង្ហាញថា បុគ្គលិករបស់ក្រុមហ៊ុន​ Foxconn ជាច្រើន មិនអាចស៊ូទ្រាំជាមួយនឹងច្បាប់ដ៏តឹងតែងនេះបាននោះឡើយ ដោយពួកគេបានភៀសខ្លួនចេញពីបរិវេណក្រុមហ៊ុន ហើយវិលត្រលប់ទៅកាន់ស្រុកកំណើតវិញ ដោយថ្មើរជើង ក្នុងគោលបំណង ដើម្បីចៀសវាង ការរឹតបន្តឹងចំពោះការធ្វើដំណើរដោយរដ្ឋាភិបាល ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Foxconn បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ចាប់ពីថ្ងៃនេះទៅ បុគ្គលិករបស់ខ្លួន នឹងទទួលបានប្រាប់រង្វាន់ប្រចាំថ្ងៃចំនួន ៤០០ យ៉ន់ (៥៥ ដុល្លារ) សម្រាប់ការបន្តធ្វើការងារនៅក្នុងរោងចក្រ ពោលគឺកើនឡើង ៤ ពីប្រាក់រង្វាន់ពីមុន ដែលទទួលបានត្រឹម ១០០ យ៉ន់ ក្នុងមួយថ្ងៃ ។

មិនតែប៉ុណ្ណោះ បុគ្គលិកទាំងននោះក៏នឹងទទួលបានប្រាក់រង្វាន់បន្ថែមទៀតផងដែរ ប្រសិនបើពួកគេចូលធ្វើការរយៈពេល ១៥ ថ្ងៃ ឬយូរជាងនេះ នៅក្នុងខែវិច្ឆិកា ហើយអាចទទួលប្រាក់រង្វាន់រហូតដល់ ១៥ ០០០ យ៉ន់ ប្រសិនបើពួកគេបន្តធ្វើការក្នុងរោងចក្រពេញមួយខែនេះនោះ ៕