ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហោះសារមួយភ្លាម នៅលើគណនី Twitter ផ្លូវការរបស់លោក ដើម្បីថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ក្រោយពីបានជួបសន្ទនាតាមទូរស័ព្ទ នៅរសៀលថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។
តាមរយ:ការបង្ហោះនោះ លោក Zelenskyy បានបញ្ជាក់ថា ពិតជាបានជួបសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ ២០២២ នេះ ហើយលោកបានថ្លែងអំណរគុណ ដែលកម្ពុជានៅតែបង្ហាញជំហរ គាំទ្រដល់អធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន នៅក្នុងអង្គការសហប្រជាជាតិ ។
មិនតែប៉ុណ្ណោះប្រធានាធិបតីរូបនេះ ក៏បានអះអាងទៀតថា ប្រទេសអ៊ុយក្រែន នឹងនៅតែធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់បណ្តាប្រទេសសមាជិកអាស៊ានជានិច្ច ផងដែរ។
គួរបញ្ជាក់ផងដែរថា កម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ ឆ្នាំ ២០២២ នេះ ក្នុងនាមជាប្រធានប្តូរវេន ចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ នៅរាជធានីភ្នំពេញ ហើយក៏នឹងមានការអញ្ជើញចូលរួមពិសេស ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ផងដែរ ៕