កាលពីថ្ងៃទី ០២ វិច្ឆិកាកន្លងទៅ សារព័ត៌មាន CNA បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសបិទ Showroom រថយន្តនៅទីក្រុងប៉េកាំង បន្ទាប់ពីបើកដំណើរការអស់រយៈពេលជិត ១០ ឆ្នាំ។

ប្រភពដដែលបន្ថែមថា Showroom នៅទីក្រុងប៉េកាំងនេះ គឺជាការចាប់ផ្ដើមដំបូងរបស់ Tesla លើទីផ្សារចិន ហើយបន្ទាប់ពីផុតកុងត្រាជួលកន្លែង ក្រុមហ៊ុនក៏សម្រេចចិត្តបិទវា ដោយសារចង់ផ្លាស់ប្ដូរយុទ្ធសាស្ត្រលក់ថ្មី ស្របពេលរដ្ឋាភិបាលរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ ១៩ ផង បណ្ដាលឲ្យការលក់នៅទីនោះមានការធ្លាក់ចុះ។
សូមជម្រាបដែរថា ក្រុមហ៊ុន Tesla មាន Showroom ច្រើនជាង ២០០ កន្លែងទូទាំងប្រទេសចិន ហើយទីតាំងដែលបានបិទថ្មីៗនោះ គឺស្ថិតនៅផ្សារទំនើប Parkview Green នៅទីក្រុងប៉េកាំង។

គួររំលឹកដែរថា ក្រុមហ៊ុន Tesla ទំនងជាអាចផ្លាស់ប្ដូរយុទ្ធសាស្ត្រលក់រថយន្តថ្មី បន្ទាប់ពីការលក់ធ្លាក់ចុះ ដោយសាររថយន្ត Tesla ទាំងអស់គឺមិនមានលក់នៅតាមហាងលក់រថយន្តទូទៅឡើយ ពោលគឺក្រុមហ៊ុនជាអ្នកលក់ដោយផ្ទាល់ ដែលមានន័យថា Tesla ដើរតួជាអ្នកផលិតផង និងជាអ្នកលក់រាយផង៕