កាលពីចុងសប្ដាហ៍មុន រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ពួកគេនឹងមិនទទួលខុសត្រូវឡើយ ចំពោះសុវត្ថិភាពសម្រាប់កប៉ាល់ជនស៊ីវិលណា ដែលបានធ្វើដំណើរតាមដែនទឹកសមុទ្រខ្មៅ (Black Sea) បើសិនជាមានការបាញ់បោះ។
ដូច្នេះហើយ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសសុំជំនួយផ្នែកការពារ ក្នុងការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីរុស្ស៊ីផ្អាកការធ្វើតាមសន្ធិសញ្ញាដែលមានការដឹងលឺពី UN។ នេះបើតាមការចុះផ្សាយពី Reuters។
យ៉ាងណា ការនាំចេញរបស់អ៊ុយក្រែននៅតែមានចរាចរណ៍ជាធម្មតា ដោយសារមានការជួយអន្តរាគមន៍ពីប្រទេសតួកគី និងអង្គការសហប្រជាជាតិ។ នេះបើតាមសម្ដីប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងវីដេអូដែលបង្ហោះនៅយប់ថ្ងៃអង្គារ៍។
សូមជម្រាបដែរថា រុស្ស៊ី និងអ៊ុយក្រែនធ្លាប់បានចូលតុចរចាគ្នាម្ដង អំពីសន្ធិសញ្ញាសន្តិភាពក្នុងការប្រើប្រាស់មធ្យោបាយផ្លូវទឹកនាំចេញ នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិ ដោយមានការដឹងលឺពី UN និងប្រទេសតួកគី កាលពីថ្ងៃទី ២២ កក្កដា ២០២២៕