កាលពីថ្ងៃទី ០២ វិច្ឆិកាកន្លងទៅ ប្រធានាធិបតីចិន ស៊ី ជីនពីង បាននិយាយថា ចិននឹងបន្តជួយផ្គត់ផ្គង់ដល់ប្រទេសប៉ាគីស្ថាន សម្រាប់វិបត្តិហិរញ្ញវត្ថុដែលប្រទេសនៅអាស៊ីខាងត្បូងកំពុងជួបប្រទះ។
យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ចិន និងប៉ាគីស្ថានគួរតែបន្តឆ្ពោះទៅមុខជាមួយគ្នា ក្នុងការសាងសង់របៀងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ឲ្យកាន់តែមានប្រសិទ្ធភាព។
ប្រភពដដែលបានបន្ថែមទៀតថា នាយករដ្ឋមន្ត្រី Shehbaz Sharif បានរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដែលផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ជាពិសេសច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC)។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ ប៉ាគីស្ថានកំពុងជួបបញ្ហាហិរញ្ញវត្ថុជាខ្លាំង ជាពិសេសបន្ទាប់ពីគ្រោះទឹកជំនន់អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្រ បណ្ដាលឲ្យប្រទេសមួយនេះខាតបង់ទឹកប្រាក់អស់ប្រហែល ៣០ ពាន់លានដុល្លារ៕